សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ


ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងកំណត់យក ឃ្លា ប្រយោគ និងនិយមន័យ ឲ្យបានគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ក្នុងនោះអង្គប្រជុំបានឯកភាព និងសម្រេចកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។

ច្បាប់នេះមានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកំពង់ផែ ផ្តល់កាលានុវត្តភាពដល់ការវិនិយោគ ប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាព សន្តិសុខកំពង់ផែ និងរួមចំណែកការពារបរិស្ថាន។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានស្នើឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែម និងសិក្សាពាក្យ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា និងថ្លឹងថ្លែងប្រៀបធៀបដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសជំនាញ ពាក់ព័ន្ធខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់តាមតែអាចធ្វើទៅបានដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្ត។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញពិនិត្យមើលខ្លឹមសារនៃច្បាប់ធ្វើយ៉ាងណាកុំឲ្យច្បាប់ស្ដីពីកំពង់ផែនេះប្រាស់ចាកពីខ្លឹមសារច្បាប់អន្តរជាតិ និងច្បាប់របស់បណ្តាប្រទេស ផ្សេងទៀតផងដែរ។

គួរកត់សម្គាល់ថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.