សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពិធីផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ-១៩


ខេត្តកែប ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប ដោយមានមន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលជាសេនាធិការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប ដែលមានការចូលរួម ដោយកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង និងស្រុក និងបងប្អូនអាជីវករ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ព្រមទាំង លោក លោកស្រីប្រធានសហគមន៍នានាផងដែរ ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកបញ្ជាក់ពីគោលបំណង នៃសិក្ខាសាលានេះថា ដើម្បីផ្សព្វផ្សាយវិធានការពារជំងឺកូវិដ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីធានាសុខសវត្ថិភាពទេសរណ៍ ដល់អាជ្ញាធរក្រុង ស្រុក បងប្អូនដែលជាម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពជុំវីញខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ចុះផ្សព្វផ្សាយពីគោលការណ៍ ក៏ដូចជាវិធានការនានាក្នុងកិច្ចការពារ អនាម័យខ្លួនប្រាណ រក្សាគម្លាតសង្គម ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ក្រុមការងារថ្នាក់ខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវតែណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ក្នុងមូលដ្ឋាន ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើបញ្ហាអនាម័យ គ្រប់មូលដ្ឋានទាំងអស់ត្រូវដាក់ទឹកអាកុលជាប្រចាំសម្រាប់ភ្ញៀវប្រើប្រាស់ ត្រូវមានឧបករណ៍សម្រាប់វាស់កំដៅ រៀបចំកន្លែងអង្គុយឲ្យមានគម្លាតសង្គម ភ្ញៀវត្រូវប្រើម៉ាស ឬក្រម៉ា ឲ្យបានជាប្រចាំ ត្រូវរៀបចំឲ្យមានការបាញ់អាកុល ឬជែលសំលាប់មេរោគ។
លើសពីនេះ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ អប់រំ ណែនាំបន្តជាប្រចាំដល់បងបង្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរណ៍ដេលមកកំសាន្តនៅខេត្តកែប ចៀសវាងការជួបជុំជាក្រុមធំៗ ត្រូវរក្សាគំលាតសុវត្ថិភាពយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ជាពិសេសត្រូវវាស់កម្តៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀសផុតពីការឆ្លង និងត្រូវពង្រឹងសុវត្ថិភាពមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.