សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ

u

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនប្រមាណ១០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃ គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារួមមាន៖ ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគោលជំហ និងគោលការណ៍របស់ក្រសួង ក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺ៖ មិនមែនធ្វើមុខខូច ក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងនោះឡើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ គោលការណ៍នេះត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈ ការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួតពិនិត្យពិសេសដើម្បី តាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្វ័ប្រវត្តិកម្ម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព កាត់បន្ថយការចំណាយក្រៅផ្លូវការ ក៏ដូចជាដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋដូចជា៖ ឆៀកចល័ត និងបង្កើតមណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអនម៉លទាំងពីរ សាខា និងផ្សារទំនើបជីបម៉ុងជាដើម។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនទាំងអស់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការជាមួយមន្ទីរជុំវិញខេត្ត និងស្ដាប់តាមការណែនាំរបស់ រដ្ឋបាលខេត្តថែមទៀតសំដៅពង្រឹងវិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារដើម្បី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដែលបានធ្វើឱ្យវិស័យ នេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.