សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រជុំផ្សព្វផ្សាយផែនការការងារ សម្រាប់ឲ្យគ្រប់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋានយកទៅអនុវត្ត


ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ កក្កដា នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារមួយចំនួន ដើម្បីដាក់ចេញវិធានការឲ្យមេបញ្ជាការគ្រប់កងឯកភាពយកទៅអនុវត្ត។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីតម្លៃសន្តិភាព ដែលបានដោយលំបាក ហើយដែលត្រូវឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន មាន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចដឹកនាំកម្លាំងចេញទៅផ្តួលរំលំរបបប្រល័យពូជសាសន៍, ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ នៃថ្ងៃបង្កើតអង្គភាពលេខ១២៥, ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ, ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជាតិពិរបបប្រល័យពូជសាសន៍, និងជាបន្តបន្ទាប់ការទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍, និងការបញ្ចប់សង្រ្គាមនៅចុងឆ្នាំ១៩៩៨។ ដោយតម្លៃជាប្រវត្តិសាស្ត្រនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រាប់ឲ្យកងកម្លាំងទាំងអស់ ត្រូវចាំជាប់ក្នុងចិត្តនូវពាក្យបីឃ្លាសំខាន់ ទី១- អរគុណសន្តិភាព, ទី២- អរគុណនយោបាយឈ្នះឈ្នះ, និងទី៣- ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ និង ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ។

ពាក់ព័ន្ធបញ្ហាកូវីដ១៩ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការបានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមជំងឺដ៍កាចសាហាវនេះ ដែលនៅតែឆ្លងរាលច្រើនឡើងៗ ដែលជាកត្តាប៉ះពាល់ដល់សុខភាពមនុស្សផង ហើយក៏ជាកត្តាអវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្ពស់ គ្រប់គ្រងជំងឺកូវីដបាន ជាមួយការដាក់ចេញនូវវិធានការ និងចំណាត់ការនានា ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត។ នាយឧត្ដមសេនីយ៍ បន្តថា តែទោះជាលទ្ធផលយ៉ាងដូច្នេះក្តី ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនោះកងយោធពលខេមរភូមិន្ទត្រូវបន្តអនុវត្តនូវវិធានការការពារនេះឲ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្ការកុំឲ្យមានរលកទី២កើតឡើងនៅក្នុងសហគមន៍អំពីជំងឺកូវីដ១៩។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជម្រុញឲ្យគ្រប់អង្គភាព ត្រូវសកម្មចូលរួមការងារបង្កបង្កើនផលនៅនឹងកន្លែង តាមរយៈការដាំដុះបន្លែបង្កា ចិញ្ចឹមសត្វ បំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការធ្វើសិប្បកម្ម ផលិតកម្ម និងកសិកម្ម ការធ្វើពលកម្មដោយកម្លាំងមនុស្ស ដើម្បីស្រូបយកចំណូលសេដ្ឋកិច្ចសម្រាប់គ្រួសារ។ ជាមួយនោះ នាយឧត្ដមសេនីយ៍ ក៏បានណែនាំឲ្យមេបញ្ជាការគ្រប់កងឯកភាព ត្រូវគ្រប់គ្រងឲ្យបាននូវសម្បត្តិរបស់រដ្ឋ ដូចជាបញ្ហាដីធ្លី ត្រូវសហការជាមួយគណៈកម្មការអន្តរក្រសួងដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ ទាំងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង កម្មសិទ្ធិឯកជនរបស់រដ្ឋ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ បានអំពាវនាវដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអប់រំដល់យោធិនក្រោមឱវាទកុំឲ្យប្រព្រឹត្តនូវអំពើខុសឆ្គងទាំងឡាយដែលទាក់ទិននឹងបញ្ហាដីធ្លី ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.