សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារឆមាសទី១ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០

ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារឆមាសទី១ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

បន្ទាប់ពីកិច្ចប្រជុំបានពិភាក្សាលើកឡើងពីចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម សំណូមពរ និងបានសម្រួលខ្លឹមសារមួយចំនួនរួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ពេលនេះ។ តែទន្ទឹមនេះ វាអាចជារឿងលំបាកបន្តិចហើយ និងមិនទាន់ឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គាធិការដ្ឋានបានល្អនោះទេ ដោយសារនេះជាឆ្នាំទី១ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់អគ្គាធិការដ្ឋាន តែយ៉ាងណាវាជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ច និងសកម្មភាពការងាររបស់ខ្លួនដែរ។ ឯកឧត្តមបន្តថា កិច្ចការបន្តគឺដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលការងារឆមាសទី១ ទៅនឹងផែនការសកម្មភាពការងារឆ្នាំ២០២០ ដើម្បីតាមដាន និងជម្រុញពន្លឿនកិច្ចការណាដែលមិនទាន់បានសម្រេច និងពិនិត្យកិច្ចការដែលជាទិសដៅបន្តសម្រាប់ឆមាសទី២ ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២០នេះ ដោយឡែក ឯកឧត្តមបានលើកឡើងចំពោះកិច្ចការមិនទាន់បានសម្រេចក្នុងឆ្នាំ២០២០ទេ អាចរំកិលដាក់ក្នុងផែនការសកម្មភាពឆ្នាំ២០២១វិញ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ អស់លោក បានខិតខំប្រឹងប្រែងបំពេញការងារដោយការទទួលខុសត្រូវ ដែលធ្វើឱ្យវឌ្ឍនភាពរបស់អគ្គាធិការដ្ឋានវិវត្តទៅមុខជាលំដាប់ និងសូមរក្សាបានការសហការ សាមគ្គីភាពផ្ទៃក្នុង និងបន្តការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នា ដើម្បីផលប្រយោជន៍ និងជម្រុញអង្គភាពកាន់តែរីកចម្រើនទៅមុខ ។

សូមជម្រាបថា ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២០-២០២៤)របស់អគ្គាធិការដ្ឋាន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តាម​រយៈ​ប្រកាសលេខ១៧៤០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ៕

ប្រភព៖ អគ្គាធិការដ្ឋាន

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.