សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ២១០គ្រួសារ​ នៅស្រុកឈូក​ និងស្រុកដងទង់​ ខេត្តកំពត​ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​ …!!


ដេីម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដេីម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងនោះនៅតាមតំបន់រងគ្រោះនីមួយៗ។

ជាក់ស្តែង​ នៅថ្ងៃសុក្រ​ ទី​ ២២​ ខែឧសភា​ ឆ្នាំ២០២០នេះ​ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន​ ២១០គ្រួសារ​ រស់នៅខេត្តកំពត​ (ក្នុងនោះ​ ៨៩គ្រួសារ​ នៅស្រុកឈូក​ និង​ ១២១គ្រួសារ​ នៅស្រុកដងទង់​)។

ក្នុងឱកាសនោះ លោកជំទាវ​ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក​ និងក្តីអាណិតអាសូរ​ ជាពិសេស​ ក្តីព្រួយបារម្ភ​ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់​ ដែលប្រឈម​ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ​ ដែលកេីតឡេីង​ដោយមិនអាចស្មាន​បាន។ ហេតុដូចនេះហេីយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ដោយនាំយកនូវគ្រឿងបរិភោគ​ សម្ភារ​ប្រេីប្រាស់ និងថវិកាមួយចំនួន ដេីម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព​រង​គ្រោះ​ជាក់ស្តែង​របស់គ្រួសាររងគ្រោះ​ធ្ងន់-ស្រាលនីមួយៗ​ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ​ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា​ តាមរយៈ​ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ និងវិធានការ​ត្រៀមបង្ការផ្សេងៗទៀត។

លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានគូសបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា តែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសទៅតាមលទ្ធភាព។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់​ដល់កាកបាទក្រហមកម្ពុជា​ ទោះបីជា​ កាកបាទក្រហមកម្ពុជា​ បានផ្អាកការប្រារព្ធទិវា​ ៨​ ឧសភា​ ឆ្នាំ២០២០នេះ​ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩​ ក៏ដោយ​។

ជាមួយគ្នានេះ​ លោកជំទាវ​ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការរក្សាអនាម័យ​ដៃស្អាត​​ ពាក់ម៉ាស​ (ក្នុងករណីចាំបាច់)​ ប្រេីកន្សែងឬក្រមា​ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។

ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់​ គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកេីតមានឡេីងជារៀងរាល់ថ្ងៃ​ និងត្រូវរួមគ្នាថែរក្សាសន្តិភាព​ និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា​។

សូមបញ្ជាក់ផងដែរថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ដូចៗគ្នា។ ដោយឡែក​ គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ២០ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះដោយប៉េីងដំបូលធ្ងន់ធ្ងរ​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយប៉េីងដំបូលផ្ទះស្រាល ទទួលបានបន្ថែម​ថវិកា​ ៥ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.