ភ្នំពេញៈ ពិតជាដំណឹងល្អដែលមនុស្សគ្រប់គ្នារង់ចាំយូរហើយ ពេលនេះ ក្រសួងសុខាភិបាល អះអាងថា គិតត្រឹមម៉ោង ៧ និង ០០ នាទី ព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ អ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលជាអ្នកជំងឺចុងក្រោយគេនៅ កម្ពុជា បានជាសះស្បើយហើយ ហេតុនេះស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា គឺជាសះស្បើយអស់ហើយ ដោយមានសេចក្តីលម្អិតដូចតទៅ ៖
១.អ្នកព្យាបាលជាសះស្បើយសរុបឡើងដល់ ១២២ នាក់ ( ស្មើនឹង ៩៩ , ១៨ ភាគរយ ធៀបនឹងអ្នកឆ្លងទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមានបុរសជនជាតិ ចិន ០១ នាក់ , ស្ត្រីជនជាតិ ចិន ០២ , ស្ត្រីជនជាតិ អង់គ្លេស ០៣ នាក់, បុរសជនជាតិ អង់គ្លេស ០២ នាក់ , បុរសជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រីជនជាតិ អាមេរិកាំង ០១ នាក់ , បុរសជនជាតិ ប៊ែលហ្សិក ០១ នាក់ , បុរសជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះមានទារកអាយុ ០៤ ខែ ម្នាក់ ) ស្ត្រីជនជាតិ បារាំង ២១ នាក់ , បុរសជនជាតិ កាណាដា ០២ នាក់ , បុរសជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរសជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រីជនជាតិ វៀតណាម ០៣ នាក់ , បុរសជនជាតិ ខ្មែរ ៤៣ នាក់ និង ស្ត្រីជនជាតិ ខ្មែរ ០៨ ( គិតចាប់ពីខែ មករា មកដល់បច្ចុប្បន្ន ) នាក់ ។
២. អ្នកកំពុងសម្រាកព្យាបាល ៖ គ្មាន
៣. អ្នកដែលបានរកឃើញមានវីរុស កូវីដ ១៩ ទាំងអស់ ( ទាំងអ្នកដែលបានព្យាបាលជាសះស្បើយហើយផង ) សរុប ១២២ នាក់ ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )។
៤. ករណីជាសះស្បើយថ្មី៖ ០១ នាក់
៥. ករណីឆ្លងថ្មី នៃ ជំងឺកូវីដ ១៩ ៖ គ្មាន
៦. វត្ថុសំណាកដែលបានធ្វើវិភាគសរុប ៖ ១៤ ៦៨៤ ( ម្សិលម៉ិញ ១៤ ៦១៥ ) សំណាក ស្មើនឹង ៩០៣ ( ម្សិលម៉ិញ ៨៩៩) សំណាក ក្នុងចំណោមប្រជាជន ១ លាននាក់ គឺជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ។
ទោះយ៉ាងនេះ ខណៈក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធអះអាងថា កម្ពុជា នៅតែមិនបន្ធូរបន្ថយដៃ ដូចជានៅតែពិនិត្យតាមដានអ្នកដំណើរ និង ធ្វើតេស្តជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក នៅតែអំពាវនាវដល់សាធារណជននៅកម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជាអ្វីដែលក្រសួងសុខាភិបាល ហៅថា សភាពធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ កម្ពុជា ដូចជា អនាម័យដៃស្អាត ពាក់ម៉ាស់ ( ករណីចាំបាច់ ) គម្លាតសុវត្ថិភាពសង្គម និង គម្លតាសុវត្ថិភាពបុគ្គល ចៀសវាងការរៀបចំកម្មវិធីផឹកស៊ីដែលមានគ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នតទៅទៀត ពុំនោះទេ កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលអាចជារលកខ្លាំងក្លាជាងអ្វីដែលកម្ពុជា បានរងនាពេលនេះ ។
ចំណែកអង្គការ ចលនា ដើម្បី សុខភាពកម្ពុជា ហៅកាត់ថា CMH យល់ថា កម្ពុជា គួរតែផ្អាកការលក់ និង ផ្សព្វផ្សាយគ្រឿងស្រវឹងមួយរយៈសិន ព្រោះភាពងាយរកបាន នៃ គ្រឿងស្រវឹង ធ្វើឱ្យការសេពគ្រឿងស្រវឹងមានការកើនឡើង ហើយការសេពគ្រឿងស្រវឹង គឺជាមូលហេតុដ៏ចម្បងមួយងាយប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា សន្និសីទព័ត៌មានប្រចាំសប្តាហ៍ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ ហើយនឹងជម្រាបជូននៅពេលក្រោយ ប្រសិនបើមានការប្រែប្រួល ហើយក្រសួងបញ្ជាក់យ៉ាងទទូចថា ការផ្អាកនេះ មិនមែនមានន័យថា ការឆ្លងជំងឺកូវដី ១៩ នៅកម្ពុជា បានចប់សព្វគ្រប់ទេ ហេតុនេះ គឺត្រូវបន្តការប្រុងប្រយ័ត្នតទៅទៀតជាដាច់ខាត ៕