ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារអនុវត្តន៍ច្បាប់ចរាចណ៍ បានអោយដឹងថា! ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់របស់ លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍នៅ រង្វង់មូលអាចារ្យលាក់ ហេីយស្រែកជេរប្រមាថ ឯកឧត្ដម អភិបាលខេត្តកំពង់ធំ ដោយពាក្យអសុរោះនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែងឡេីយ ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានអោយដឹងថា វិធានការណ៍ដំបូងគឺដកតួនាទីមុខតំណែងពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ចំពោះចំណាត់ការបន្តបែបណាទៀតនោះ គឺថ្នាក់ដឹកនាំនឹងសម្រេចបន្ថែមនៅពេលក្រោយ ។
ទង្វើរបស់លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បើកបររថយន្តក្នុងស្ថានភាពស្រវឹងបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍គឺកេីតមានឡេីងនៅពេលដែលរាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការក្រេីនរំលឹកអប់រំ ណែនាំ ជាប្រចាំចំពោះមន្ត្រីនគរបាលដេីម្បីធ្វើជាគំរូក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ មិនគាំទ្រ មន្ត្រីនគរបាលទាំងឡាយណា ដែលមានកំហុសធ្វេីអោយប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិនោះទេ ជាពិសេសប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះទេ ។
ជាក់ស្ដែងកន្លងមកថ្មីៗនេះ អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលអនុវត្តន៍លេីសគោលការណែនាំរបស់អគ្គស្នងការនគរបាលជាតិ និង ក្រសួងមហាផ្ទៃ ធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ត្រូវបានដកបញ្ឈរជេីងតែម្ដង ។
គួរបញ្ជាក់ថា! លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា ទើបទទួលបានប្រកាសព្រមានពីក្រសួងមហាផ្ទៃ កន្លងមកថ្មីៗនេះទេ ដោយសារតែលោកវរៈសេនីយ៍ឯក ធ្វេសប្រហែសក្នុងការអនុវត្តភារៈកិច្ចរបស់ខ្លួន៕