សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេចក្រឡា ហោមស ខេង អញ្ជើញចុះសួរសុខទុកមន្ត្រី កងកម្លាំងព្រំដែន ខ្មែរ-ថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត។

ក្នុងការសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍, ឯកឧត្ដម លោកជំទាវ, លោក- លោកស្រី ថ្នាក់ដឹកនាំមួយចំនួន មានអាជ្ញាធរ ខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកំម្លាំងប្រដាប់អាវុធ ចំណុះខេត្តមួយចំនួនផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ ស្ដីពីស្ថានភាពទូទៅរបស់ខេត្ត និងវិធានការក្នុងការប្រយុទ្ធប្រឆាំង ដើម្បីការពារនឹងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង វីវុស Covid-19 ជូន សម្ដេចក្រឡាហោម និងគណៈអធិបតីជ្រាប។

បន្ទាប់មក សម្ដេចក្រឡាហោម បានមានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដល់ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាក់អាវុធទូទាំងខេត្ត ធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ ឲ្យអស់លទ្ធភាព តាមតែអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 និងបានផ្ដល់អនុសាសន៍ ដ៏ខ្ពងខ្ពស់ស្ដីពីវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាយដាល នៃជំងឺឆ្លង Covid-19 ។

សម្ដេចក្រឡាហោម បានសម្ដែងនូវការកោតសសើរដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ ពិសេសមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកន្លងមក បានខិតខំយកអស់កម្លាំងកាយចិត្ត បំរើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ នៅពេលដែលពួកគាត់ជួបការលំបាក ជាក់ស្ដែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរខេត្ត សម្របសម្រួលជាមួយអាជ្ញាធរថៃ ទទួលយកពលរដ្ឋខ្មែរចំនួន ១,៣៨៩នាក់ ស្រី ៦៧៦នាក់ និងកុមារ ៤៥នាក់ ដែលពួកគាត់មកមិនទាន់តាមកាលបរិច្ឆេទ នៃថ្ងៃបិទច្រក។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបានមានអនុសាសន៍ ផ្ដាំផ្ញើដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ជាប់ព្រំដែនទាំងអស់ ត្រូវរឹតចំណងសម្ព័ន្ធមេត្រីភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ជាមួយភាគីមិត្តថៃ។

មុននឹងបញ្ចប់ សម្ដេចបានជូនពរ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យជួបតែសេចក្ដីសុខ និងជៀសផុតពីការឆ្លង នៃជំងឺគ្រប់បែបយ៉ាង និងបានប្រកាសប្រគល់ នូវអំណោយដ៏ថ្លៃថ្លាមួយចំនួនធំ មានថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អំណោយទាំងនោះរួមមាន អង្ករចំនួន ១៨តោន, មី ៦០កេសធំ, សាប៊ូលាងដៃ ៧,៥០០ដុំ, ម៉ាស់ ១០,០០០ម៉ាស់, អាកុល ៥០០លីត្រ, ត្រីខ ៥កេសធំ, ថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល)។

ដោយឡែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបានអំណោយឧបត្ថម្ភពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមមាន ថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល), អង្ករ ២តោន, មី ៥កេសធំ, ត្រីខ ៥កេសធំ, សាប៊ូ ៥០០ដុំ និងអាលកុល ៥០០លីត្រ។

បន្ទាប់មក សម្ដេច និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិថ្មី ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ ព្រមទាំងពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ដែលបច្ចប្បុន្នត្រូវបានហាមមិនឲ្យអ្នកដំណើរ ចេញ-ចូលទាំងស្រុង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.