សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេចតេជោសែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស ផ្លូវជាតិលេខ ៥៥ និងពិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០(សំឡូត-វាលវែង-អូរសោម-កោះកុង)

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាសសមិទ្ធិផលផ្លូវជាតិលេខ៥៥ និងពិធីបើកកា រដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ អមដំណើក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករផងដែរ។

ថ្លែងសន្ទរកថាទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៑ុន ចាន់ថុលបានឱ្យដឹងថា៖ គម្រោង សាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមា និតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រមទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងបានប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៨ខែ គិតចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។

ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលកំពុងសម្ពោធបើកការដ្ឋានសាងសង់ក្នុងពេលនេះ ផងដែរ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចទាក់ទង នឹងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ថា៖ ផ្លូវពីរខ្សែនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុង ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅថ្មដាក្នុងខេត្តពោធិ៍សាត់ នៅចាំយាមក្នុងខេត្តកោះកុង និងកំពង់ផែសមុទ្រ ទឹកជ្រៅនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។

គួររំឭកផងដែរថា នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ក្រោមម្លប់សន្តិសុខ និងសេរីភាពពេញលេញ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសធនាគារអាហរ័ណ-នីហរ័ណចិន ដែលបានគាំទ្រ និងសហការផ្តល់ឥណទាន និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់សម្រាប់ការសាងសង់ ស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ដើម្បីរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានជួយជ្រោមជ្រែងក្នុងស្ថាបនាផ្លូវនេះ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនេះសូមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះចរាចរណ៍។

ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ជ័យជំនះនៃនយោបាយឈ្នះ-ឈ្នះបានផ្តល់សុខសន្តិភាព និងឱកាសបន្ថែមឱ្យកម្ពុជាអនុវត្ត និងសម្រេចបានជោគជ័យនូវគោលដៅ ចំនួនពីរនៃការអភិវឌ្ឍប្រទេសគឺ៖ ទីមួយ ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ និងទីពីរ ការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយផ្តើមចេញពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងគោលនយោបាយបង្រួបបង្រួមជាតិ ទៅជាគោលនយោបាយអភិវឌ្ឍ តាមរយៈយុទ្ធសាស្ត្រ តភ្ជាប់តំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់គ្រប់គ្រងដោយអតីតកម្លាំងខ្មែរក្រហមទាំងនោះ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់លើ ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្ពាន និង កំពង់ផែ ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ដាច់ស្រយាលឱ្យមកកៀកនឹងទីក្រុង ទីប្រជុំជន រមណីយដ្ឋាន ធម្មជាតិនិងប្រវត្តិសាស្រ្តនានា និងតភ្ជាប់ជាមួយបណ្តាញផ្លូវនៃប្រទេសជិតខាងក្នុងតំបន់ និងពិភពលោក សំដៅបង្កើតបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការល្អនៅតាម ព្រំដែន បង្កើតមុខរបរ បង្កើនចំណូលគ្រួសារ លើកកម្ពស់សុខុមាលភាពសង្គម និងការអប់រំ ជូនប្រជា ពលរដ្ឋ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.