ខេត្តស្វាយរៀង ៖ យោងប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក នង សុខុម ប្រធានការិយាល័យគយច្រកនេះ បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលមកកាន់ទឹកដីកម្ពុជាដើម្បីជាថ្នូរនិងផលប្រយោជន៍។
ប្រភពបានបន្តឲ្យដឹងទៀតថា ទំនិញគេចពន្ធដែលបង្កប់តាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរក៏ដូចជា ទំនិញគេចពន្ធដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធុនធំចំណុះរាប់សិបតោនពីទឹកដីយួនចូលទឹកដីខ្មែរតាមច្រកបាវិត គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នង សុខុម និងបក្ខពួក។ អំពើពុករលួយរបស់លោក នង សុខុម ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ?។
ការិយាល័យ គយ នៃច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិតខេត្តស្វាយរៀង
ត្រូវបានប្រភពទម្លាយនិងសង្ស័យថា កំណត់យកលុយដាក់ខែ ពីរថយន្ត កុងតឺន័រ ដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ដែលចេញចូលពីវៀតណាម មកខ្មែរនិងពីខ្មែរទៅវៀតណាម តាមច្រកបាវិតនេះ។
ដោយក្នុងខែត្រូវបង់ឲ្យគយ៣,០០០$សម្រាប់រថយន្តកុងតឺន័រ១គ្រឿង ជាថ្នូក្នុងការបើកភ្លើងខៀវឲ្យទំនិញគេចពន្ធនិងយកពន្ធមិនគ្រប់ ចេញចូលបាន។
ជាមួយគ្នានោះ ប្រភពបានបង្ហើបទៀតថា មិនត្រឹមតែរថយន្តកុងតឺន័រ ទេដែលបង់ខែឲ្យគយ ច្រកបាវិតនោះ សូម្បីតែរថយន្តក្រុងដែលលួចដឹកទំនិញបង្កប់ពីក្រោម ឬតាមដំបូល គេចពន្ធ ចូលតាមច្រកនោះ ក៏ត្រូវបង់ខែឲ្យគយដូចគ្នា ក្នុង១ខែចាប់ពី១,៥០០$ទៅ២,០០០$សម្រាប់រថយន្តក្រុង១គ្រឿង។
ហើយរាល់ថ្ងៃនេះមានរថយន្តតូចធំ គ្រប់ប្រភេទកំពុងសម្រុកដឹកទំនិញទាំងស្របច្បាប់និងមិនស្របច្បាប់ ទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់ ពីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាបានយ៉ាងរលូន ។ ព្រោះមានអ្នករត់ការ ជាមុនបង់លុយឲ្យសមត្ថកិច្ចគ្រប់កន្លែង ជាពិសេស ការិយាល័យគយនិងរដ្ឋាករប្រចាំការ នៅច្រកទ្វារអន្តរជាតិបាវិត តែម្ដងដែលទទួលផលលាភសក្ការៈមុនគេ ច្រើនជាងគេ មិនដូចសមត្ថកិច្ចតាមដងផ្លូវឡើយ។
សកម្មភាពបែបនេះជាហេតុដែលបណ្ដាលឲ្យ ចំណូលរដ្ឋកើនឡើងតិចតួចណាស់ គឺមិនសមនិងចំនួនទំនិញដែលដឹកក្នុង១ថ្ងៃៗរាប់សិបរយតោននោះឡើយ។
ទាំងនេះបានធ្វើឲ្យកើនចំណូលបុគ្គលនិងបក្ខពួកខ្សែបណ្ដោយមន្ត្រីគយនៅច្រកបាវិត ឬហៅថា ជាសិល្បៈច្រវាចិញ្ចឹមឆ្ដោរ។
ប្រភពពីមន្ត្រី គយក្នុងខេត្តស្វាយរៀង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក នង សុខុម បានចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះលោក នង សុខុម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយមិនញញើតនិងអង្គរភាពប្រឆាំងអំពើពុករលួយនោះទេ។
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នង សុខុម ប្រធានការិយាល័យគយច្រកបាវិត អាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក នង សុខុម មេគយច្រកបាវិត និងលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកដ៏ រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាំជួយការពារគ្រប់ពេលវេលា ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិបាវិត គឺបង់ពន្ធជូនរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺមានការឃុបឃិតបែងចែកផលប្រយោជន៍យ៉ាងសុខស្រួលជាមួយលោក នង សុខុម មេគយច្រកបាវិត និងមន្ត្រីគយចល័តក្នុងខេត្តស្វាយរៀង។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លានរៀលទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។
ទន្ទឹមនឹងនេះ លោក នង សុខុម មេគយច្រកបាវិត ក៏បានឃុបឃិតជាមួយមេនគរបាលអន្តោប្រវេសន៍ច្រកបាវិត ក្នុងការធ្វើជាខ្នងបង្អែកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនចូលស្រុកខ្មែរ យ៉ាងក្រអឺតក្រទម។ ដូច្នេះមានតែ ឯ.ឧ ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើរបស់លោក នង សុខុម និងបក្ខពួក តទៅទៀតទេ ? គួរដាក់ការស៊ើបអង្កេតលើករណីខាងលើនេះផងទាន ។
ពាក់ពន្ធ័ការលើកឡើងខាងលើសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ពន្ធ័ខាងលើបានទេ ? នៅថ្ងៃចេញផ្សាយជាពិសេសលោកនងសុខុមនិងលោកខៀវសារឿន៕