សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ប្រព្រឹត្តអំពើពុករលួយត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ និងរឹបអូសទ្រព្យសម្បត្តិទុកជារបស់រដ្ឋ

ភ្នំពេញ៖ នេះជាករណីលើកទី១ ក្នុងចំណោមករណីដែលត្រូវបង្ក្រាបដោយអង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការបង្ក្រាបករណី (លាងសំអាតប្រាក់) ហើយក៏ជាជាជ្រុងមួយក្នុងចំណោមយុទ្ធសាស្ត្រនៃកម្មវិធីនយោបាយជាច្រើនទៀត របស់រាជរដ្ឋាភិបាលលើវិស័យយុត្តិធ៌មតុលាការ ដែលជាកត្តាសំខាន់មួយចាំបាច់ ដើម្បីចូលរួមពង្រឹងគោលការណ៏គោរពច្បាប់ឲ្យមានប្រសិទ្ធិភាព តម្លាភាព យុត្តិសង្គម ពោលទាំងអស់គ្នារស់ក្រោមដំបូលច្បាប់តែមួយ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើឈ្មោះ លឿម ប៊ុនរឿន អតីតប្រធានមន្ទីរខេត្តពោធិ៍សាត់ ពីបទសម្អាតប្រាក់ បទ «រំលោភអំណាច» និងបទ វិតិក្រម ដាក់ពន្ធនាគាររយៈពេល៨ (ប្រាំបី)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨.០០០.០០០លានរៀល។

បន្ថែមលើការផ្តន្ទាទោស ទ្រព្យសម្បត្តិមួយចំនួនដែលជាផលនៃបទល្មើស ឬកើតចេញពីផលនៃបទល្មើសត្រូវតុលាការ សម្រេចរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋ មានជាអាទិ៍ដូចជា៖

* អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅបុរីប៉េងហួត (ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ) រាជធានីភ្នំពេញ
* អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិដូងជ្រុំ ខេត្តពោធិ៍សាត់
* អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិស្ពានថ្ម ខេត្តពោធិ៍សាត់
* រថយន្តចំនួនពីរគ្រឿង ម៉ាក Lexus 570 ពណ៌មាស សេរីឆ្នាំ២០១០ មួយគ្រឿង
* រថយន្តម៉ាក KIA Morning ពណ៌ស សេរីឆ្នាំ២០១២ មួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត។

ដោយឡែក អ្នកពាក់ព័ន្ធ ១-ឈ្មោះ តែ ប៊ុនថេង អតីតមន្រ្តីច្រកចេញចូលតែមួយ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ (ពីរឆ្នាំ ប្រាំមួយខែ) និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល និង ២-ឈ្មោះ ជាង វុទ្ធី អតីតអនុប្រធានមន្ទីរត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀលពីបទវិតិក្រម។

សូមបញ្ជាក់ថា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោក លិ សុខា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ប្រធាន ,អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។

លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា មុនការឃុំខ្លួននេះតំណាងអយ្យការបានសម្រេចចោទប្រកាន់ បុគ្គលទាំង៣នាក់នេះ ចំនួន ៣បទល្មើសរួមមាន៖ ទី១៖ បទវិតិក្រម តាមក្រមព្រហ្មទណ្ឌ, ទី២៖ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងទី៣៖ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ។

សូមជម្រាបថា មន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

សូមបញ្ជាក់ថា ប្រធាន អនុប្រធាននិងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្រ្តីទាំងនោះ និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.