សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាឱ្យ​អ្នកដំណើរ​លើ​នាវា Westerdam មួយចំនួន បន្តដំណើរ ទៅកាន់​ប្រទេស​គោលដៅ តាមរយៈ​ជើងហោះហើរ​ពី​កម្ពុជា និង​មួយចំនួនទៀត អាច​ដើរ​កម្សាន្ត​នៅ ខេត្ត​ព្រះសីហនុ ឬ​ខេត្ត​សៀមរាប ដោយ​មិន​មាន​គិត​កម្រៃ​សេវា​អ្វី​ទាំងអស់​

​ខេត្ត​ព្រះសីហនុ​៖ ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​អមដំណើរ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដើម្បី​ទទួល​ស្វាគមន៍​អ្នកដំណើរ​ទេសចរណ៍​លើ​នាវា Westerdam ដែល​បាន​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង កាលពីដើម​ខែ​កុម្ភៈ ហើយ​ក្រោយមក​ប្រទេស និង​កោះ​ចំនួន​ប្រាំមួយ បាន​បដិសេធ​ការចូល​ចត ដោយសារ​ភ័យខ្លាច ករណី​ជំងឺ​រលាក​សួត COVID-19​។​

​ការអញ្ជើញ​ទទួល​ស្វាគមន៍ នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​មនុស្សធម៌ ទឹកចិត្ត​សណ្តោស​ប្រណី​មិន​រើសអើង​ពូជសាសន៍ ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ជាពិសេស​ដើម្បី​ផ្ដល់​ក្តីស្រឡាញ់ ជំនឿ​ទុកចិត្ត ភាពកក់ក្តៅ​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​នាវា​រួមមាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូនក្មេង​ដែល​កំពុង​ជាប់​នៅក្នុង​នាវា​ដ៏​ធំ​នេះ​កុំ​ឲ្យ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។​

​សូម​បញ្ជាក់​ជូន​ថា​ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ធ្វើ​ការពិនិត្យ​អាការ​សុខភាព របស់​អ្នកដំណើរ​ទាំងអស់​មុន​ពេល​អនុញ្ញាត​អោយ​ចេញ​ក្រៅ​នាវា និង​បន្តដំណើរ តាម​រថយន្ត Bus រួច​ឡើង​យន្តហោះ នៅ​អាកាសយានដ្ឋាន កេងកង ទៅកាន់​ប្រទេស​គោលដៅ​។ ក្រៅពីនេះ​ពួកគេ​អាច​មាន​ជម្រើស​បន្ត​ដើរ​ទស្សនកិច្ច នៅ​ខេត្ត​ព្រះសីហនុ ឬ​ខេត្ត​សៀមរាប​បន្ត​ទៀត​បា​ន ដោយ​មាន​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ឯកឧត្តម គួច ចំរើន ជា​អ្នកសម្របសម្រួល​ចាត់ចែង​។ សម្តេច​តេជោ​បាន​បន្ថែម​ទៀតថា នាវា​នេះ​អាច​បន្ត​ស្នាក់នៅ​ពី​៥​ថ្ងៃ ឬ​រហូត​ដល់​មួយ​ខែ​ទៀត ដោយ​មិន​មាន​គិត​កម្រៃ​សេវា​អ្វី​ទាំងអស់​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ទេសចរណ៍​នា​ឱកាស​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កុំឱ្យ​មាន​ការភ័យខ្លាច ចំពោះ​ការឆ្លង​ជំងឺ​រហូត​ដល់​តក់ស្លុត​ភ័យខ្លាច​ហួសហេតុ និង​សូម​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ផងដែរ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​មិន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដូច​ប្រទេស​ផ្សេង​ទេ ប៉ុន្តែ​កម្ពុជា​មាន​ទឹកចិត្ត​ក្នុង​ការចូលរួម​សាមគ្គី និង​សហការ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​សហគម​អន្តរជាតិ​ក្នុង​ការដោះស្រាយ​បញ្ហា​សកល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.