សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អាជ្ញាធរ​ចាប់ផ្ដើម​ផ្អាក​ការដឹក​កសិផល​បណ្ដោះអាសន្ន នៅ​ស្រុក​អន្លង់វែង ដោយសារ​តែ​ទឹក​ជន់​លិច​ផ្លូវ​, ស្ថានភាព​ទឹក​នៅ​ជន់​ខ្លាំង !

ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយសារ​តែ​ខ្លាច​ខូចខាត​ផ្លូវ ព្រោះ​ទឹក​កំពុង​ជន់​លិច​ខ្លាំង​នៅ​តំបន់​មួយចំនួន ពិសេស​នៅ​ចំណុច​ស្ពាន​តា​ម៉ុក​។​

​អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិន​វីរៈ​យុទ្ធ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក​ឲ្យដឹងថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ស្ថានភាព​ទឹក​នៅ​ជន់​លិច​ផ្លូវ​ខ្លាំង​ដដែល មិនទាន់​មាន​ការ​ថយ​នោះឡើយ​។​

​លោក​អភិបាលស្រុក​បាន​អះអាង​ទៀតថា ក្រៅពី​វិធានការណ៍​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ជម្លៀស ពលរដ្ឋ​មួយចំនួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​នោះ នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​ក៏បាន​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ចំពោះ​ការដឹក​កសិផល​របស់​ប្រជាកសិករ នៅ​តំបន់​ដែល​ទឹក​ជន់​លិច​ផ្លូវ ដើម្បី​បញ្ចៀស​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​។​

​ដោយឡែក ចំពោះ​ទំហំ​នៃ​ការខូចខាត​នោះ លោក​អភិបាលស្រុក​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ពោល​រង់ចាំ​ស្ថានភាព​ទឹក​ត្រឡប់​ទៅ​ធម្មតា​វិញ​សិន​។​

​គួរ​ជម្រាប​ថា ភ្លៀង​បាន​ធ្លាក់​នៅក្នុង​ស្រុក​អន្លង់វែង ហើយ​ធ្លាក់​ខ្លាំង​នៅ​យប់មិញ ដែល​បាន​បណ្តាលឲ្យ​ទឹក មាន​ការកើនឡើង​ជា​គំហុក ធ្វើឲ្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​បឹង​តា​ម៉ុក ស្រុក​អន្លង់វែង កើន​ដល់​ចំណុច​ប្រកាសអាសន្ន ហើយក៏​បាន​ប៉ះពាល់​ដល់​ការ​ដាច់​ផ្លូវ មិនអាច​ធ្វើដំណើរ​ពី​ទីរួមស្រុក ទៅកាន់​ភូមិ​ចារ​រហាល ឃុំ​លំ​ទង ចំនួន​០៧​កន្លែង​ផងដែរ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ត្រូវ​បំផ្លាញ​ទាំងស្រុង​។​

​អភិបាល​ស្រុក​អន្លង់វែង បាន​បញ្ជាក់ទៀតថា ហេតុ​ព្រោះ​ទឹកជំនន់​នេះ​បាន​កើតឡើង​នៅ​ព្រឹក​នេះ​តែម្តង ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅលើ​ភ្នំ នៅក្នុង​ស្រុក​ត្រពាំង​ប្រសាទ​ខ្លាំង នៅ​យប់មិញ​នេះ ហើយ​បើ​តាម​លំហូរ​នៃ​ទឹកជំនន់​នេះ អាច​នឹង​មាន​ជំនន់​ខ្លាំង​ដូច​ទៅនឹង​ឆ្នាំ​២០១៧ ផងដែរ​។​

​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំនន់​ដោយ​ទឹកភ្លៀង​នេះ រដ្ឋបាល​ស្រុក​អន្លង​វែង បាន​ដាក់ចេញ​នូវ​វិធានការណ៍ ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ជម្លៀស ពលរដ្ឋ​មួយចំនួន ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុងនោះ រដ្ឋបាល​ស្រុក​អន្លង​វែង ក៏​បាន​ដាក់​ឲ្យ​កងកម្លាំង ចាំ​ជួយ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ និង​បាន​ដាក់​គ្រូពេទ្យ​នៅ​ប្រចាំ​អន្តរាគមន៍​ដើម្បី​ចាំ​ជួយ ព្យាបាល និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បណ្តោះអាសន្ន មុន​នឹង​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ ក្នុង​ករណី​ចាំបាច់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.