សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាថា ប្រទេសទីម័រ គួរត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកអាស៊ាន (Video inside)

ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានបង្ហាញមតិស្របគ្នាថា ប្រទេសទីម័រគួរត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិករបស់អាស៊ាន។ ការបង្ហាញទស្សនៈស្របគ្នាចង់ឱ្យទីម័រក្លាយជាសមាជិកអាស៊ាននេះ បានកើតមានឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ប្រទេសទីម័រ បានស្វះស្វែងរកការអនុញ្ញាតចូលជាសមាជិកអាស៊ានយូរឆ្នាំណាស់មកហើយ។ ប្រទេសកម្ពុជា ជាប្រទេសមួយនៃសមាជិកអាស៊ាន បានប្រឹងប្រែងខ្លាំងណាស់ផងដែរ ដើម្បីជួយឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលធ្លាប់មានប្រវត្តិជួបការលំបាកពេលកម្ពុជាសុំចូលជាសមាជិកអាស៊ានដែរនោះ បានមានសមានចិត្តខ្ពស់ក្នុងការជួយប្រទេសទីម័រ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា មានតែប្រទេសដែលធ្លាប់ជួបការលំបាកដូចគ្នានោះទេទើបយល់ការលំបាករបស់ទីម័រ។ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្លាប់បានបញ្ជាក់ថា កម្ពុជាបានបញ្ជូនមន្ត្រីចុះទៅសិក្សាពីស្ថានភាពនៅប្រទេសទីម័រផងដែរ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីជំនួប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក មហាធា គឺបានជជែកលើករណីសំណើររបស់ប្រទេសទីម័រនេះ ហើយក៏បានឯកភាពគ្នាប្រទេសទីម័រគួរត្រូវបានអនុញ្ញាឱ្យក្លាយជាសមាជិកទី១១ របស់អាស៊ាន។

លោក មហាធា ក៏បានបញ្ជាក់លើករណីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រីម៉ឡេស៊ី បានគូសបញ្ជាក់ដូច្នេះ «អំពីបញ្ហាទីម័រលេស ដែលបានដាក់សុំចូលជាសមាជិកអាស៊ានតាំងពីយូរមកហើយនោះ ពិតណាស់គួរក្លាយជាសមាជិកអាស៊ាន ហើយយើងនឹងព្យាយាមធានាថា ប្រទេសទីម័រលេសនឹងក្លាយជាសមាជិកមួយ របស់សមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះនៅក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន»

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ដំបូងឡើយមានប្រទេសចំនួន៥ គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លុះក្រោយឆ្នាំ១៩៨៤ ទើបប្រទេសប្រាំទៀតក្នុងតំបន់ចូលជាបន្តបន្ទាប់ទៀត រួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ចូលថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៩៩។

បច្ចុប្បន្នអាស៊ានក្លាយជាសមាគមដើរតួដ៏សំខាន់ក្នុងការជជែកលើកិច្ចការផ្សេងៗទាំងនៅក្នុងតំបន់ និងលើពិភពលោក។ អាស៊ានមានប្រជាពលរដ្ឋសរុបជាង ៦០០លាននាក់៕

 

Filed in: ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.