សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​

ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការសម្លាប់​ស្រី​កំណាន់ ចេវ សុ​វឌ្ឍនា ។

​ជាមួយគ្នានេះ តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ជា​បង​បង្កើត​របស់​លោក​ឡាយ វណ្ណៈ ដាក់ពន្ធនាគារ​១០​ឆ្នាំ​ផង​ដែរ ។ ចំ​ណែ​ល​ឈ្មោះ ជឹម វុ​ធ និង ឈ្មោះ ម៉ែន សា​ម៉ៃ ត្រូវ​ដាក់​ពន្ធនាគារ​កំណត់ ម្នាក់ៗ​២​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ លាក់កំបាំង​តម្រុយ តាម​មាត្រា​៥៣២​នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​តុលាការ​មិន​បាន​បង្គាប់​អោយ​ជនជាប់ចោទ​សង​សំណ​ង​រដ្ឋប្បវេណី​ទៅ​គ្រួសារ​ជនរងគ្រោះ​ទេ ដោយសារ​គ្រួសារ​ជនរងគ្រោះ​មិន​ដាក់ពាក្យ​ប្ដឹង​ទេ​ក្នុង​សំណុំរឿង​នេះ ។​

​ក្នុងពេល​សវនាការ កន្លងទៅ ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធ​ថា​ពុំ​បាន​សម្លាប់​ស្រី​កំណាន់​នាង ចេវ សុ​វឌ្ឍនា ទេ ដោយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌ ។ ជា​ការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ាន​ស្បថ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​”​បើ​ខ្ញុំ​បាន​សម្លាប់​សង្សារ​មែន​សូម​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ខ្ញុំ​ឲ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង និង​ធ្លាក់​នរក​៩​ជាន់​អត់​ចាប់​ជាតិ​ទៅ​ចុះ​”​។ ប៉ុន្តែ​មន្ត្រី​ជំនាញ រកឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម មុន​ឃាតក​យក​សព​ទៅ​ព្យួរក ជាប់​បង្អួច ។​

​ករណី​ឃាតកម្ម​នេះ ដំបូង​ឡើយ​ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋានថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ។ ប៉ុន្ដែ​ក្រោយពី​បើក​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​រកឃើញ​ថា​ករណី​នេះ មិនមែន​ជា​រឿង​អត្តឃាត​ឡើយ ពោល​គឺជា​រឿង​ឃាតកម្ម​ដោយ​មាន​អ្នក​បញ្ជា​និង​រៀបចំ​ទុក​សម្លាប់​ជនរងគ្រោះ​។​

​លោក ឡាយ វណ្ណៈ , លោក ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវ​ជា​បង​ប្រុស​បង្កើត​លោក ឡាយ វណ្ណៈ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ដោយឡែក​ឈ្មោះ ម៉េន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹម វុ​ធ អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពី​បទ​លាក់​បំបាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.