សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

គណៈបញ្ជាការ​ឯកភាព​សាលាក្រុង​ភ្នំពេញ ដាក់​វិធានការឲ្យ​កម្លាំងស​ម​ត្ថ​កិច្ច​ទាំង​១៤​ខណ្ឌ​បន្ត​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​ទាំង​តូច ទាំង​ធំ នៅ​ក្រុងភ្នំពេញ​អោយអស់​ក្នុង​ឆ្នាំ​២០១៩

ភ្នំពេញ  ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​វិធានការ​ជាថ្មី​ម្តងទៀត ដោយ​នឹង​បង្ក្រាប​ឲ្យអស់​នូវ​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ប្រឈម ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ស្រទាប់​យុវវ័យ​។​

​ការ​ដាក់​នូវ​វិធានការ​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ កម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា ការបង្ក្រាប​គ្រឿងញៀន​នៅ​តែ​អនុវត្ត​បន្ត នៅ​តាម​ក្លឹប​កម្សាន្ត​នានា នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបី នៅ​តាម​ក្លឹប​កម្សាន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ក៏​ដោយ ដោយ​យើង​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ថា នៅ​ឆ្នាំ​២០១៩ នេះ គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុបបំបាត់ឲ្យអ​ស់​បញ្ហា​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លឹប​កម្សាន្ត ខារ៉ាអូខេ នានា នៅ​ទូទាំង​ប្រទេស ។ ដោយហេតុ​ថា នៅ​តាម​ក្លឹប​កម្សាន្ត​ទាំងនោះ ភាគច្រើន​លើសលប់ គឺ​សុទ្ធតែ​ជា​ស្រទាប់​យុវជន យុវវ័យ នាំគ្នា​ពពាក់ពពូន​ទៅ​សេប​គ្រឿងញៀន​នៅក្នុង​ក្លឹប ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធន​ធានម​នុស្ស​។​

​លោក ស ថេត បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងនាម​សមត្ថកិច្ច ត្រូវតែ​បង្ក្រាប​អោយអស់ បទល្មើស​នានា​នៅតាម​មូលដ្ឋាន រួម​ទាំង​បទល្មើស​ក្មេង​ទំនើង​អុកឡុក​នៅតាម​មូលដ្ឋាន​ជាដើម សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ជឿជាក់​មកលើ​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។​

​ពាក់ព័ន្ធ​នឹង​ក្លឹប​កម្សាន្ត​នានា ទោះបី​តូច ឬ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹងថា នៅក្នុង​ក្លឹប​កម្សាន្ត​ដំបូង​មាន​បង្កប់​ទៅ​ដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវតែ​ធ្វើការ​បង្ក្រាប​បិទ​អាជីវកម្ម​ក្លឹប​ទាំងនោះ​តែ​ម្ដង​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា រាល់​ក្លឹប​កម្សាន្ត និង k tv ទាំងអស់ អាជ្ញាធរ​ខណ្ឌ​យើង ត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត​ទាំងនោះ បើ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​យើង​ទេ ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​បិទ​កាស​អាជីវកម្ម​ក្លិប​របស់​ពួកគាត់​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​មាន​ភាព​ស៊ីវីល័យ​ហើយ ដូច្នេះ​ទេ​ត្រូវតែ​មាន​អ្វីៗ​គ្រប់យ៉ាង មាន​ទាំង​ក្លិប​កម្សាន្ត មាន​ទាំង​ខារ៉ាអូខេ មាន​ទាំង​កន្លែង​ហូបចុក​ផឹកស៊ី និង​កន្លែង​សប្បាយភាព​មួយចំនួនទៀត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទី​មួយ​នោះ គឺ​បញ្ហា​សន្តិសុខ ហើយ​អ្នក​ដែល​ការពារ និង​រក្សាបាន​នូវ​សន្តិសុខ​នេះ គឺមាន​តែ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​នឹង​ហើយ ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ការពារ​ឲ្យបាន​សន្តិសុខ ធ្វើយ៉ាងណា​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ភាពកក់ក្តៅ​ពី​ប្រជាពលរដ្ឋ​៕

m190626a1 m190626a2 m190626a3 m190626a4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.