ខេត្តរតនគីរី ៖ទោះបីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបម្រាមមិនឲ្យមានការនាំឈើប្រណីតចេញលក់នៅវៀតណាម យ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងជាបន្ត បន្ទាប់ឥតឈប់ឈរនៅភាគឥសាន្ត។ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បាញ់គ្រាប់រ៉ុកកែតពីលើយន្តហោះកម្ទេចជនល្មើសកាប់បំផ្លាញព្រៃឈើទៀតផង។ ទោះយ៉ាងនេះក្តី គេសង្កេតឃើញព្រៃឈើសហគមន៍នៅស្រុកអណ្តូងមាសកំពុងត្រូវបានកាប់បំផ្លាញយ៉ាងរង្គាលក្រោមស្នាដៃរបស់មេឈ្មួញ នី កាចាញ និងលោកហ៑ូវជីវ៉ៃ មេឈ្មួញដុះស្លែ ដ៏មានឥទ្ធិពលប្រចាំខេត្តរតនគីរី ធ្វើសកម្មភាពបានយ៉ាងរលូន។ សកម្មភាដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនក្នុងទឹកដីខេត្តរតនគិរីស្ងាត់មួយដង្ហើមចង្រិត មេឈ្មួញឈើគឹម នីហៅនីកាចាញ នឹងហ៊ូវ ជីវៃបានបន្តសកម្មភាពដឹកឈើឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ ដែលសកម្មភាពល្មើសច្បាប់ដដែលៗនេះ ធ្វើឲ្យ មហាជនមានមន្ទិលថា លោក ថង សាវុន លោក ថាវ យ៉េន នឹងលោក យិន ចំណាន ស្នងការខេត្ត ទំនងជាអ្នកនៅពីក្រោយខ្នងបើកឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែន នៅចំណុចព្រំដែនប៉ុស្តិ៍ហ្វាតាំប៉ុស្តិ៍ហ្វាសាវនេះ។
ប្រភពបន្តឲ្យដឹងថា មន្ត្រីនគរបាលការពារព្រំដែនដែលប្រចាំការនៅចំណុចប៉ុស្តិ៍ហ្វាតាំនិងប៉ុស្តិ៍ហ្វាសាវ ក្រោមការគ្រប់គ្រងបញ្ជាផ្ទាល់របស់លោក ស្នងការរងខេត្តរតនគិរី បានឃុបឃិតបើកដៃឲ្យក្រុមឈ្មួញដែលល្បីឈ្មោះដុះស្លែខាងកាប់បំផ្លាញព្រៃឈើគឺឈ្មោះ នីកាចាញ និង ឈ្មោះ ហ៊ូវ ជីវ៉ៃ គៀងគរពលរដ្ឋឲ្យចូលទៅកាប់ឈើគ្រប់ប្រភេទនៅក្នងព្រៃសហគមន៍ក្នុងភូមិម្លូ ឃុំញ៉ាង ស្រុកអណ្តូងមាស រួចបន្តដឹកតាមរថយន្តឡង់គ្រីស័រច្នៃ ឆ្លងដែនទាំងថ្ងៃទាំងយប់ យ៉ាងតិច៣០រថយន្ត ក្រោមការយាមកាមការពារយ៉ាងតឹងរុឹងពីសំណាក់កម្លាំងប្រដាប់អាវុធ។
ប្រភពដដែលបន្តថា ដោយសារតែភូមិសាស្ត្រតំបន់ព្រៃសហគមន៍ភូមិម្លូ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីព្រំដែនប៉ុស្តិ៍ហ្វាតាំហ្វាសាវ បានបង្កនូវភាពងាយស្រួលដល់ក្រុមឈ្មួញក្នុងការឃុបឃិតជាមួយមន្ត្រីនគរបាលការពារព្រំដែន ក្រោមការគ្រប់គ្រងផ្ទាល់របស់លោកយិន ចំណានស្នងការ ក្នុងការប្រព្រឹត្តអំពើពុករលួយ បើកឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមដោយរលូន។
សេចក្តីរាយការបន្ថែមថា ដោយសារតែលោកស្នងការ លោក ថង សាវុន នៅពីក្រោយ មេឈ្មួញ គឹម នីនឹងហ៊ូវ ជីវៃ ដូចនេះទើបមេឈ្មួញទាំងពីរមានអំណាចមហិមាប្រព្រឹត្ត បទល្មើសព្រៃឈើឆ្លងដែន តាមខ្សែបន្ទាត់ព្រំដែនខេត្តរតនគិរី បានជាលក្ខណៈទ្រង់ទ្រាយធំជាច្រើនឆ្នាំមិនឃើញមន្ត្រីជំនាញក្នុងខេត្តចាត់វិធានការបាន ។សត្វព្រៃ និងព្រៃឈើក្នងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវរជ័យ ព្រៃសហគមន៍ក្នុងស្រុកតាវែង ស្រុកអណ្តូងមាស ស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ជាប់ព្រំដែនប្រទេសវៀតណាមត្រូវក្រុមឈ្មួញឃុបឃិត ជាមួយកម្លាំងនគរបាលវរការពារព្រំដែន នាំគ្រឿងចក្រនិងជនជាតិយួនចូលមកដាក់អន្ទាក់ចាប់សត្វ និងកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសកម្ម ហើយរ៉ែមាសមួយចំនួនក្នងតំបន់អូរដំបូក អតីតក្រុមហ៊ុនឧកញ៉ាទ្រីភាព និងក្រុមហ៊ុនឧកញ៉ា ណាមារ៉ាឌី ក៏ធ្លាប់ត្រូវបានជនជាតិយួននាំគ្រឿងចក្រមកធ្វើអាជីវកម្មផងដែរ ។
ជាក់ស្តែងកាលពីចុងខែមេសាកន្លងទៅថ្មីនេះ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានបើកប្រតិបត្តិការចាប់គ្រឿងចក្រចំនួន៦គ្រឿង និងជនជាតិយួនឆ្លងដែនខុសច្បាប់ចំនួន១២នាក់ ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនៅក្នុងស្រុកអណ្តូងមាស ដោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយបើកដៃពីមន្ត្រីនគរបាលការពារព្រំដែនតែម្តង ។
ក្រុមអង្គការសង្គមសុីវិលដែលឃ្លាំមើលបទល្មើសព្រៃឈើលើកឡើងថា បើលោក ថង សាវុនលោក យិន ចំណាន នឹងលោក ថាវ យ៉េន នៅមានអំណាច គឺបទល្មើសព្រៃឈើឆ្លងដែនក្នុងខេត្តរតគិរីទៅវៀតណាមនៅតែកើតមាន ហើយក្រុមឈ្មួញរកសុីខុសច្បាប់ នៅតែមានឱកាសយកលុយបិទមាត់មន្ត្រីគ្រប់ជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីនគរបាលវរការពារព្រំដែននេះតែម្តង។
ពាក់ពន្ធ័ការលើកឡើងខាងលើសារព័ត៌មាន មិនអាចសុំការបកស្រាយពីភាគីពាក់ពន្ធ័បាននោះទេនៅថ្ងៃចេញផ្សាយព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនង៕