សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ​គួរ​ដាក់​ការស្រាវជ្រាវ លោក ផាត សុផាន់​ណា មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង​ល្បី​បើកដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​ចូល​បែប ពុករលួយ​!

ខេត្ត​បាត់ដំបង ៖​យោង​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា ចាប់តាំងពី​លោក ផាត សុផាន់​ណា ទទួលបាន​តំណែង​ជា​មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក សៅ ប៊ុន​រិទ្ធ រួច​មក​គឺ​លោក ផាត សុផាន់​ណា កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ការដែល​លោក ផាត សុផាន់​ណា ហ៊ាន​ប្រើ​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​បែបនេះ គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជាបន្ទាន់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ផាត សុផាន់​ណា បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង រូប​នេះ​កំពុង​ប្រមូល​លុយ​តាមរយៈ​ការធ្វើ​ប័ណ្ណ​ព្រំដែន​និង​ប្រមូល​លុយ​ពី​បទល្មើស​ផ្សេងៗ​ដូចជា ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ជាដើម​។

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា សម្រាប់​ការធ្វើ​សៀវភៅ​ឆ្លងដែន​១​ក្បាល គឺ​លោក ផាត សុផាន់​ណា តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​លុយ​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ​៦៨ យ៉ាង​កំរោល​។

​ជាងនេះទៅទៀត ក្រុមនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង​របស់លោក ផាត សុផាន់​ណា បាន​ឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស ថៃ តាមរយៈ​មេខ្យល់​និង​កា​រលួយ​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ​ឲ្យ​ពលករ​ទាំងនោះ​ទៀតផង​។ ចំណែក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ព្រោះ​ដឹង​ថា​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង មាន​ខ្ន​បង្អែក​រឹងមាំ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បានឲ្យដឹងថា បច្ចុប្បន្ន​លោក ផាត សុផាន់​ណា បាន​ដាក់ពង្រាយ​កម្លាំង​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល ហើយ​មាន​ការឃុបឃិត​បើក​ច្រករបៀង​មួយ​កន្លែង​ដែល​គេ​ហៅថា ច្រក​ស្វាយចេក​(​ដើម​ចាន់គិរី​)​ខាងលិច​ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​នៅ​ច្រក​នេះ​មាន​មនុស្ស​ចេញចូល​យ៉ាង​អនាធិបតេយ្យ​នៅពេល​យប់​និង​ពេល​ទៀប​ភ្លឺ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​បន្ត​ឲ្យដឹងថា ពលករ​ដែល​វិល​ត្រឡប់​ពី​ធ្វើ​ការងារ​នៅ​ប្រទេស ថៃ ឬ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស ថៃ តែង​ត្រូវ​លោក ផាត សុផាន់​ណា និង​បក្ខពួក​គាប​យក​លុយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ អគ្គនាយដ្ឋាន​នគរបាល​អន្តរ​ប្រវេសន៍ និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ពិនិត្យ​ស្រាវជ្រាវ នូវ​ទង្វើ​របស់​លោក ផាត សុផាន់​ណា ផង​ទាន ។​

​ពាក់ព័ន្ធ​ការលើកឡើង ខាងលើនេះ អង្គភាព សារព័ត៌មាន យើង​មិន​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី លោក ផាត សុផាន់​ណា មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​នោះ​ទេ នៅ​ថ្ងៃ​ចេញផ្សាយ  ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ ធ្វើ​ការទំនាក់ទំនង ដូច្នេះ​អង្គភាព​យើង រងចាំ​ការបំភ្លឺ​ពី លោក ផាត សុផាន់​ណា នៅពេល​ក្រោយ រាល់​ម៉ោង​ធ្វើការ​៕

 

m190601b1 m190601b2 m190601b3 m190601b4 m190601b5

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.