ខេត្តពោធិ៍សាត់ ៖ យោងប្រភពពីស្រុកភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ត្រូវបាន រងការកាប់ដឹកជញ្ជូនយកទៅលក់យ៉ាងរលូន ដោយមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់។
ប្រភពបានបន្តថា មេឈ្មួញឈើ ដ៏មានឥទ្ធិពលប្រចាំស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ឈ្មោះ តែម ធារ៉ា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ តែម ធារ៉ា តែងតែប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើជាបង្អែកដ៏រឹងមាំដើម្បីឲ្យសកម្មភាពដឹកជញ្ជូនឈើរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន។ ដូច្នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នឈ្មួញឈ្មោះ តែម ធារ៉ា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ តែម ធារ៉ា ដែលមានខ្នងបង្អែករឹងមាំនៅតែអាចប្រមូលទិញឈើ ស្តុកឈើ និងដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ យ៉ាងរលូន។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថាឈ្មួញឈ្មោះ តែម ធារ៉ា គឺជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ហើយមានមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំទើបឈ្មួញរូបនេះអាចបន្តទិញឈើ ស្តុកឈើ និងដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក។ សូម្បីតែលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញឈ្មោះ តែម ធារ៉ា ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ប្រើប្រាស់តួនាទីរបស់ខ្លួនដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទម។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកភ្នំក្រវាញ បានបង្ហើបឲ្យដឹងថា គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឈ្មួញឈ្មោះ តែម ធារ៉ា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនោះទេ ព្រោះមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ មួយចំនួនជាខ្នងបង្អែករបស់ឈ្មួញរូបនេះ ហើយទទួលផលប្រយោជន៍ពីឈ្មួញរូបនេះជាប្រចាំ។
ជាក់ស្ដែងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ តែម ធារ៉ា បន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងសុខស្រួល។
កន្លងមក សមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ និងសមត្ថកិច្ចអាវុធហត្ថខេត្តលើផ្ទៃប្រទេស សហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ ជាច្រើនករណី ក៏ប៉ុន្តែឈ្មួញឈ្មោះ តែម ធារ៉ា មិនដែលប្រឈមនឹងការបង្ក្រាបម្ដងណាឡើយ។
សកម្មជនព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង បានបន្តឲ្យដឹងថា ដើមឈើធំៗដែលមានមុខកាត់ចាប់ពី០,៥០ម៉ែត្រត្រូវបានគេកាប់និងដឹកជញ្ជូនចេញពីតំបន់ខាងលើតាមរថយន្តបង្កុង និងគោយន្តកន្ត្រៃទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងគេឃើញមានកម្មក ជាច្រើននាក់ប្រដាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិបានចូលទៅអាររំលំឈើមូលធំៗក្នុងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយសមត្ថកិច្ចពាក់ពន្ធ័នៅទីនោះ គឺជាអ្នកឃុបឃិតដើម្បីផលប្រយោជន៍។
ប្រភពបន្តថា ឈើទាំងនោះត្រូវគេដឹកចូលទៅការដ្ឋានក្រុមហ៊ុន រួចអារច្រៀកជាឈើជ្រុងដើម្បីនាំចេញទៅលក់នៅស្រុកយួនឆ្លងកាត់ខេត្តកំពត យ៉ាងរលូន? សមត្ថកិច្ចពាក់ពន្ធ័មើលអត់ឃើញ ឬឃើញហើយធ្វើមើលមិនឃើញឬមួយទទួលលាភសក្ការៈរួចអស់ហើយ។
តំបន់ឧទ្យានជាតិភ្នំក្រវាញនិងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបានព្រះមហាក្សត្រព្រះនរោត្តមសីហនុចេញព្រះរាជក្រឹត្យកំណត់ជាព្រៃអភិរក្សការពារកាលពីខែវិច្ឆកាឆ្នាំ១៩៩៣ដែលមានផ្ទៃដីរាប់ម៉ឺុនហិកតា កំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមហ៑ុនជិតរលាយអស់ហើយ។
សកម្មជនបរិស្ថានដែលចុះឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់នោះបានបង្ហាញអារម្មណ៍សោកស្ដាយពីវិនាសសកម្មព្រៃឈើបន្សល់ទុកចុងក្រោយនៅគ្រាដែលឈើធំៗដែលមានមុខចាប់ពីកន្លះម៉ែត្រឡើងទៅត្រូវបានគេកាប់និងដឹកជញ្ជូនចេញពីតំបន់ព្រៃការពារធម្មជាតិដោយដឹកជញ្ជូនតាមរថយន្តប៉ាកុងនិងគោយន្តកន្ត្រៃរាប់សិបគ្រឿងទាំងយប់ទាំងថ្ងៃ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបន្តថា មានប្រជាពលរដ្ឋរាប់រយនាក់ត្រូវគេប្រមូលឲ្យចូលព្រៃកាប់ឈើដឹកជញ្ជូនទៅលក់ឲ្យក្រុមហ៊ុនឧកញ៉ាដ៏ល្បីប្រចាំខេត្តពោធិ៍សាត់ ហើយមានការសម្របសម្រួលពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតយ៉ាងរលូន។ ដើមឈើធំៗប្រភេទឈើទាល បេង សុក្រំ និងផ្ចឹក ជាដើមកំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះជាឈើដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារប្រទេសវៀតណាមបច្ចុប្បន្ន ហើយក្រុមហ៊ុន កំពុងបង្កើនសកម្មភាពអារច្រៀកឈើដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តកំពត និងដឹកមកភ្នំពេញ។
ប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះមួយរយះចុងក្រោយនេះ ព្រៃឈើនៅតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រៃឈើនៅទីនោះ រងការកាប់បំផ្លាញដោយគ្មានញញើតអ្វីទាំងអស់៕