សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ប្រធានាធិបតី កូរ៉េ ផ្តល់ប្រាក់​ចំនួន ៧០០ លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​

ភ្នំពេញ ៖ ក្នុង​ដំណើរ​បំពេញ ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ចាប់តាំងពី​ឆ្នាំ​២០១៧ លោក មូន ចេ​អ៊ីន បាន​ផ្តល់​ឥណទាន​សម្បទា​ន សរុប​ចំនួន​៧០០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍ជនបទ ចាប់ពី​ឆ្នាំ​២០១៩-២០២៣ ។​

​ក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក មូន ចេ​អ៊ីន ។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា “​សម្រាប់​ឆ្នាំ​២០១៩ ដល់​២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្តល់​ឥណទាន​សម្បទាន សរុប​ចំនួន ៧០០ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​អាកាសចរ​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ជាមួយ​នឹង​ទំហំ នៃ​ការ​វិភាគទាន​ដ៏​ច្រើន របស់​រដ្ឋាភិបាល​និង​ប្រជាជន សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​ដល់​ការស្ដារ និង​កសាង និង​អភិវឌ្ឍន៍​” ។​

​ក្នុងឱកាស​នោះ​ដែរ សម្ដេច​តេជោ បាន​ថ្លែងថា កូរ៉េ​តែងតែ​ចូលរួម​ក្នុង​ការស្ដារ និង​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ និង​ការវិនិយោគ​ដោយផ្ទាល់ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន និង​កិច្ចសហប្រតិបត្តិការ​។ គិត​ពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់ ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន ប្រមាណ​ជា​៣០០ លាន​ដុល្លារ​។​

​បន្ថែម​ពីលើ​នេះ សម្ដេច​បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បាន​មក​កម្ពុជា មក​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​និង​កាលានុវត្តភាព វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​។​

​សូមបញ្ជាក់​ថា កម្ពុជា​-​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ជា​យូរ​មក​ហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។ ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ នា​ខែ​កក្កដា​ឆ្នាំ​១៩៩៦ និង​បាន​សម្រេច ឲ្យមាន​ការចាប់ផ្ដើម​ឡើងវិញ នូវ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ៕

 

m190317a2 m190317a4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.