សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​អញ្ជើញ​មកដល់​ទឹកដី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ រយៈពេល​៣​ថ្ងៃ​

ភ្នំពេញ​៖ លោក មូន ចេ​អ៉ិន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ នា​វេលា​ម៉ោង​៣៖១០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើកដំបូង​របស់​លោក​ក្នុងប្រទេស​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​។​
នេះ​គឺជា​ព្រឹតិ្តការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយ​នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ ផងដែរ​។​
ការ​មក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ លោក​ប្រធានាធបិតី​កូរ៉េខាងត្បូង មាន​កម្ម​វិធី​តែ​២​ប៉ុណ្ណោះ នោះ​គឺ​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កូរ៉េ​នៅ​កម្ពុជា និង ពិសារ​បាយ​ពេល​ល្ងាច​ជាមួយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​សណ្ឋាគារ The Great Duke​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស គឺ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោក មូន ចេ​អ៉ិន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​ប្រធានាធិបតី មូន ចេ​អ៉ិន និង​សម្តេច​តេជោ ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយ​ក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់​ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេចកី្តប្រកាស​ព័ត៌មាន​រួម​គ្នា​។​

​លោក​ប្រធានាធិបតី មូន ចេ​អ៉ិន និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ការវិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំង​ពីរ​៕

 

m180314b0 m180314b1 m180314b2 m180314b3 m180314b4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.