ខេត្តបន្ទាយមានជ័យ៖ យោងប្រភពពីក្រុមឈ្មួញនិងអាជីវករ ដែល ដឹកជញ្ជូនទំនិញផ្លូវជាតិលេខ៥ រងការគាបសង្កត់ពី ក្រុមគយចលត័បានអំពាវនាវឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរ បស់លោក មេគយចល័ត និងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។ ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែត និងច្រកផ្សេងៗទៀតឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ឯកឧត្តម ឱម យ៉ិនទៀង ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព ដូច្នេះឯកឧត្តម ឱម យ៉ិនទៀង មិនគួរទុកឲ្យលោក មេគយចល័តផ្លូវជាតិលេខ៥ ធ្វើ អ្វីៗតាមអំពើចិត្តទៀតឡើយ។
ទន្ទឹមនឹងនេះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យមន្ត្រីគយពុករលួយធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក សាំង ណន មេគយចល័តផ្លូវជាតិលេខ៥ ប្រចាំប៉ុស្ដិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។
ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ទេនោះគឺលោក សាំង ណន មេគយចល័តប្រចាំប៉ុស្ដិ៍ផ្លូវជាតិលេខ៥ ភូមិកូនដំរី មិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដូចសព្វថ្ងៃនេះឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោកមេគយចល័តផ្លូវជាតិលេខ៥ ឈ្មោះ សាំង ណន និងបក្ខពួកបានគាបយកលុយលើតុក្រោមតុពីពួកគាត់តាមរបៀបពុករលួយស្រេចតែអំពើចិត្ត ព្រោះពួកគាត់មិនទទួលបានវិក្កយបត្រឬប័ណ្ណបង់លុយនោះឡើយ។
ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធរួចរាល់នៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយថ្លៃបាយថ្លៃទឹកសម្រាប់លោក សាំង ណន និងបក្ខពួកនោះទេ។ ប្រការនេះកំពុងតែធ្វើឲ្យក្រុមឈ្មួញនិងអាជីវករត្រូវប្រឈមនឹងការលំបាកកាន់តែខ្លាំង ព្រោះមួយរយៈចុងក្រោយនេះលោក សាំង ណន គាបយកលុយកាន់តែច្រើនឡើងៗ ហើយគ្មាននរណាហ៊ានតវ៉ានោះទេ។ ជាងនេះទៅទៀតគឺលោក សាំង ណន តែងប្រើប្រាស់ឈ្មោះលោក នូ ស៊ីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ថ្មី ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមទៀតផង។
ប្រភពដែលស្និទ្ធនឹងលោក សាំង ណន បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះលោក សាំង ណន មានខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកប៉ោយប៉ែត និងច្រកផ្សេងៗទៀតចូលទៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងរាជធានីភ្នំពេញ យ៉ាងពេញបន្ទុក។ ផ្ទុយទៅវិញលោក សាំង ណន ប្រើអំណាចគាបយកលុយពីឈ្មួញនិងអាជីវករតូចតាចកាន់តែច្រើនឡើងៗ ហើយប្រើឈ្មោះមេគយខេត្តបន្ទាយមានជ័យ ធ្វើជាបង្អែកការពារខ្លួនគ្រប់ពេលវេលា។ ដូច្នេះឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងបញ្ហាខាងលើនេះទេ ព្រោះមេគយធំៗក្នុងខេត្តបន្ទាយមានជ័យ គឺជាអ្នកឃុបឃិតឲ្យលោក សាំង ណន មេគយចល័តប្រចាំប៉ុស្ដិ៍ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ៕