សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ACU ៖ ការបើក​ការស៊ើបអង្កេត លើ​ករណី លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី មិនមែន​ធ្វើ​តាម​បណ្តឹង​អង្គការ​សង្គម​ស៊ីវិល​ឡើយ​

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ផ្តល់​បទសម្ភាសន៍​ជូន​បណ្តាញ​ព័ត៌មាន  នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ការបើក​ការស៊ើបអង្កេត​លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី គឺ​មិនមែន​ធ្វើ​តាម​ពាក្យបណ្តឹង​របស់ អង្គការ​សង្គម​ស៊ីវិល​មួយ​ណា​នោះ​ទេ តែ​កម្លាំង​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការស៊ើបអង្កេត​តាំងពី​មាន​តម្រុយ​មុននេះ​ម្ល៉េះ​។​

​ការបញ្ជាក់​របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ធ្វើឡើង​បន្ទាប់​ពី ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម ដាក់ពាក្យ​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ឱ្យ​បើក​ការស៊ើបអង្កេត​លើ លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគីរី ក្រោយពី​មាន​វីដេអូរ​ចែក​លុយ​កូនៗ​ចំនួន​៥​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ចំនួន​១០​ម៉ឺន​ដុល្លារ ដែល​លោក​សង្ស័យថា ជា​លុយ​ពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ការស៊ើបអង្កេត​លើ អតីត​មេ PM រូបនេះ តាំងពី​មុន​ពាក្យបណ្តឹង​ម្ល៉េះ ដែល​បង្ហាញ​ថា ការបើក​ការស៊ើបអង្កេត​នេះ មិនមែន​ធ្វើ​តាម​ខ្សែ​ញាក់ ឬ​បណ្តឹង​របស់ អង្គការ​សង្គម​ស៊ីវិល​នោះឡើយ​។​

​សូមបញ្ជាក់​ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​បន្ទាន់​តែ​ម្តង បន្ទាប់​ពី​ធ្លាយ​វីដេអូរ​មួយ ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី នៅក្នុង​ពិធី​ខួបកំណើត​បាន​ប្រកាស​នៅ​លើ​វេទិកា​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​មហាជន​ជាច្រើន​បានបង្ហាញ​ការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែល​សម្ញែង​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ អាច​មាន​ការពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដោយសារ​តែ​ប្រាក់​បៀ​វ ត្សរ៍របស់​គាត់ នឹង​មិន​អាច​មាន​ចំនួន​ច្រើន​បែប​នេះ​ឡើយ​។ ចំណែក​អ្នក​ប្រើប្រាស់​តាម​បណ្តាញ​សង្គម Facebook មួយចំនួនទៀត ក៏​បាន​ដាក់​ការចោទប្រកាន់ថា លោក គឹម រស្មី គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការរកស៊ី​ឈើ នៅ​ខេត្ត​រតនៈគិរី ដែល​ជា​ខេត្ត​សម្បូរ​ព្រៃឈើ​ទៀតផង​។​

​អភិក្រម​ទាំង​៥ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ដាក់​ចេញ​នៅក្នុង​អាណត្តិ​ទី​០៦​នេះ ក៏​ចាប់ផ្តើម​ផុលផុស តាម​បណ្តាញ​សង្គម និង​ទំព័រសារព័ត៌មាន​ជាថ្មី​ម្តងទៀត ដើម្បី​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ឱ្យ​ខិតខំ​បម្រើ​ជាតិ កុំ​កេងប្រវ័ញ្ច ឬ​ពុករលួយ​។ អភិក្រម ១៖ ឆ្លុះ​កញ្ចក់ ២៖ ងូតទឹក ៣៖ ដុស​ក្អែល ៤៖ ព្យាបាល និង​៥៖ វះកាត់ ដែល​ដាក់​ចេញ​សម្រាប់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ក៏​ហាក់​បង្ហាញថា រាជរដ្ឋាភិបាល នឹង​មិន​លើកលែង​ចំពោះ​មន្ត្រី​ខិលខូច​ខុសច្បាប់​នោះឡើយ​៕

m190211a1 m190211a2 m190211a3 m190211a4 m190211a5 m190211a6

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.