ខេត្តស្ទឹងត្រែង ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានចាប់កក្រើកឡើងវិញយ៉ាងគគ្រឹកគគ្រេងសារជាថ្មីទៀតហើយ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច បន្តឈូសឆាយសំអាតទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលបានមកពីការឈូសឆាយកាលពីថ្ងៃទី៣០ខែសីហាកន្លងទៅ។
ថ្មីៗនេះ សមត្ថកិច្ចខេត្តក្រចេះបានស្ទាក់ចាប់ឈើ ចំនួន១៤ឡានយីឌុប ដែលគេស្គាល់ថាជាឈើរបស់ លោក ម៉ឹក សុផាណារ៉េត ហៅជ័យ ដឹកចេញពីបាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើដាក់ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃ ឲ្យលោក ម៉ឹក សុផាណារ៉េត ហៅជ័យ បន្តកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងបែបនេះ។
សហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ឲ្យដឹងថា រយៈពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាមទឹកនិងបន្តដឹកតាមរថយន្តបាកុង ចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់វារីអគ្គិសនី ក្រោម២បានចាប់ផ្តើមគគ្រឹកគគ្រេងឡើងវិញហើយ ហើយថាឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅជាប់ព្រំដែនឡាវក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
កម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោក ឧត្តមសេនីយ៍ យោធាមួយរូបឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅជ័យ បានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ាគិត ម៉េង ក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុក ដ៏ធំមហិមាមួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនី សេសានក្រោម២ដើម្បីអារច្រៀក រួចលើកឡើងដាក់រថយន្តយីឌុប ដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។
ប្រភពខាងលើបន្តថា ឈ្មោះ សេង និងប្រពន្ធ ជាមេការក្រុមហ៊ុន [Royal Group] របស់អ្នកឧកញ៉ា គិត ម៉េង និងលោក ឧត្តមសេនីយ៍ ម៉ឹក សុផាន់ណារ៉េត បានកៀងគរពលរដ្ឋរាប់ពាន់នាក់ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយគ្រឿង ឲ្យចូលទៅ កាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យ ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាង ដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅជាឈើស្របច្បាប់។
ប្រភពដដែលបន្ថែម ថា តាមការប៉ាន់ស្មានឈើគ្រប់ប្រភេទដូចជា ធ្នង់ សុក្រំ ស្រឡៅ គគី កកោះ និងឈើទាល ឈ្លីក មិនតិចជាង២មឺនម៉ែត្រគូបនោះទេ ដែលគេស្តុកទុកក្នុងបរិវេណដ៏ធំ រាប់គីឡូដីខាងលើបន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៨ ហើយបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡើយ។
ប្រជាសហគមន៍បានលើកឡើងថា ព្រៃឈើដែលជាប្រភពផល អនុផលរបស់ជនជាតិដើមភាគតិច បានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុ និងគ្មានតម្លៃលើទីផ្សារ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្តាយ ពីវិនាសកម្មព្រៃឈើនៅតំបន់នោះ ដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើ និងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ អនុលោមតាមច្បាប់កំណត់ ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើ គឺគ្មានប្រសិទ្ធភាព បង្កឲ្យក្រុមជនខិលខូច និង អ្នកមានឥទ្ធិពល នៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។ លោកបន្តថា៖ «បើថ្នាក់ ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់ បណ្ដោយឲ្យក្រុមទាំងអស់នោះ នៅតែបំផ្លាញធ្វើឲ្យធនធាន ធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុង គ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិទាំងអស់ហ្នឹងទេ»។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានទំហំ ៣៦.០០០ ហិកតា ឋិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates Lawyer Co ., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនបានដឹកឈើពីខាងក្រៅចូលផ្ទៃអាង ជាលេសថា សំអាតបាតអាង និងដើម្បីបម្លែងជាឈើស្របច្បាប់ កើតមានច្រើនឆ្នាំណាស់មកហើយ ដោយឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង រហូតដល់ថ្នាក់ជាតិ។ សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុននេះបានដឹកឈើ មូលធំៗចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្រុកវើនសៃខេត្តរតនគិរី ជាប់ព្រំដែនឡាវ ចូលក្នុងបាតអាង ដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកទៅលក់នៅព្រំដែនប្រទេសវៀណាម។
ការលើកឡើងករណីខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបកស្រាយពីអ្នកឧកញ៉ាគិតម៉េងនិងលោក ម៉ឹក សុផាន់ណារ៉េត ហៅ ជ័យ បាននោះទេ?ព្រមទាំងលោកសេងនិងភរិយាដោយគ្មានលេខទូរសព្ទ័ ។ សារព័ត៌មានយើងរង់ចាំរាល់ភាគីពាក់ពន្ធ័បើមានការស្នើសុំបកស្រាយ ៕