ខេត្តក្រចេះ៖ប្រជាពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា ក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅព្រំដែនវៀតណាមជារៀងរាល់ថ្ងៃបានយ៉ាងរលូន។ បើទោះជាប្រមុខរដ្ឋាភិបាលបញ្ជារឲ្យមន្ត្រីថ្នាក់ក្រោមធ្វើការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព តាមបណ្តាខេត្តដែលមានបទល្មើសព្រៃឈើយ៉ាងណាក៏ដោយក៏បទល្មើសព្រៃឈើនៅតែកើតមានជារាងរាល់ថ្ងៃ ។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាក្រោមការគ្រប់គ្រងដោយលោក វ៉ា ថន ចៅហ្វាយខេត្តនិងលោក លន់ សុផាត ដែលជាស្នងការនគរបាលខេត្ត។បទល្មើស ការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមនៅតែបន្តកើតមានជាប្រចាំ តាមច្រករបៀងដេ៣និងដេ៤ ដែលជាកម្មសិទ្ទិឯកជនផ្តាច់មុខរបស់ ឧកញ៉ា គង់ ក្រឹង ដ៏ល្បីឈ្មោះប្រចាំស្រុកស្នួលខេត្តក្រចេះនិងពូកែខាងសម្តែងតួជាសប្បុរសជន តាមរយៈលុយកាក់ដែលប្រមូលបានពីរបរទុច្ចរឹតកាប់បំផ្លាញព្រៃឈើ។
តាមសេចក្តីរាយការណ៍ពីក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថា បន្ទាប់ពីទទួលបានគោរម្យងារជាឧកញ៉ា ជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមរបស់ឧកញ៉ា គង់ ក្រឹង កាន់តែរីកធំធាត់ជាលំដាប់ និងកាន់តែមាន អំណាច រហូតហ៊ានឈូយឆាយដីព្រៃរបស់រដ្ឋ ចាក់ដីក្រហមធ្វើផ្លូវកម្មសិទ្ធិឯកជនចំនួនពីរខ្សែ សម្រាប់ឲ្យរថយន្តប្រភេទយីឌុប និងប្រភេទវេអងអាចដឹកឈើពី៥៥ទៅ៦០ម៉ែត្រគូបឆ្លងដែនទៅប្រទេសវៀតណាម ។តែរយៈពេលថ្មីៗនេះ លោក ឧកញ៉ារូបនេះបាន បញ្ជាឲ្យដឹកតាមរទេះគោ និងរមកម៉ូតូ ចេញតាមច្រកនោះ ដោយរលូន គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។
សេចក្តីរាយការណ៍បន្តថាក្នុងមួយយប់ៗឈើគ្រប់ប្រភេទដូចជាឈើប្រណីតប្រភេទឈើធ្នង់ ស្រឡៅ សុក្រំ កកោះ និងឈើឈ្លីករាប់រយម៉ែត្រគូប ត្រូវបានគេដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងដេ៣និងដេ៤ ដោយមានកម្លាំងប្រដាប់អាវុធក្រោមឱវ៉ាទលោកឧកញ៉ា គង់ ក្រឹង ចាំកាងការពារសុវត្ថិភាពឲ្យទៀតផង។
ឈើទាំងនេះត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តសាំយ៉ុង ឡានកែឆ្នៃនិងមួយចំនួនទៀត ដឹកតាមម៉ូតូរាប់រយគ្រឿងមកលក់ឲ្យឈ្មួញជនជាតិយួនក្រោយបន្ទាយយោធាវរៈសេនាតូចលេខ២០៤ រួចដឹកចេញទៅវៀតណាមដោយប្រេីកេរ្តិ៍ឈ្មោះឧកញ៉ា គង់ ក្រឹង ចាំកាងការពារជាចំហ និងចាំដកតុងយកលុយបង់ឲ្យសមត្ថកិច្ចគ្រប់ជំនាញ និងអ្នកមានអំណាចរហូតដល់ថ្នាក់ជាតិទៀតផង។
ប្រភពពីអ្នករកស៊ីឈើបានលួចខ្សិបប្រាប់ឲ្យដឹងថាចំពោះឈើធ្នង់ត្រូវបង់ប្រាក់ចំនួន១៥០០រៀលក្នុងមួយគីឡូក្រាមឲ្យទៅ ឧកញ៉ា គង់ ក្រឹង រួចដឹកតាមរឺម៉កម៉ូតូ និងរទេះគោ ឯឈើប្រភេទផ្សេងទៀតត្រូវបង់១០០ទៅ៣០០ដុល្លា ទេីបអាចដឹកឈើឆ្លងដែនតាមច្រករបៀងដេ៣និងដេ៤បាន។តាមតួលេខនេះបញ្ជាក់ថាឧកញ៉ា គង់ ក្រឹង នឹងទទួលបានចំណូលរាប់ម៊ឺនដុល្លារកុ្នងមួយថ្ងៃៗ ពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ដោយមិនទាន់គិតបញ្ចូលប្រាក់ចំណេញពីឈើខុសច្បាប់ ដែលឧកញ៉ារូបនេះប្រមូលទិញខ្លួនឯងទៀតផង។
មតិមហាជនរិះគន់ថា ដោយសារអំណាចលុយ ដែលទទួលបានពីជំនួញឈើខុសច្បាប់យ៉ាងមហាសាលនេះ និងដោយមានបុគ្គលមានអំណាចនៅក្រសួងការពារជាតិជាខ្នងបង្អែកយ៉ាងរឹងមាំផងនោះ ឧកញ៉ា គង់ ក្រឹង ក៏មានចៅហ្វាយខេត្តនិងស្នងការនៅពីក្រោយផង ដែរហើយត្រូវបានគេរៀចំឲ្យមានការជួបផ្ទាល់ជាមួយត្រកូលថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដូចជាឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងចុងក្រោយជួបផ្ទាល់ជាមួយសម្តេច ហ៊ុន សែន ។
សកម្មភាពជំនួញឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមរបស់ឧកញ៉ា គង់ ក្រឹង កាន់តែរឹងមាំនិងកាន់តែរីកធំឡើងៗ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធកាន់តែខ្លាចអំណាចមេឈ្មួញរូបនេះ ដោយសម្ងំសុខ ចាំទទួលតែលុយសំណូកជាថ្នូរនឹងការមិនអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបឡើយ។ចំពោះសកម្មភាពផ្គើននឹងបទបញ្ជាលេខ០១របស់រដ្ឋាភិបាល ពីសំណាក់ឧកញ៉ាចូលចិត្តសម្តែងតួជាសប្បុរសជនរូបនេះ គេមិនទាន់ដឹងថា ត្រកូលថ្នាក់ដឹក នាំជាតិបានដឹងពីរបរទុច្ចរឹតបំផ្លាញព្រៃឈើខ្មែរ ដែលឧកញ៉ាគង់ ក្រឹង កំពុងធ្វើសកម្មភាពកក្រេីកខេត្តក្រចេះនេះដែរឫុទេ?។
ទាក់ទងនឹងការរិះគន់ ច្រករបៀងដេ៣និងដេ៤ ដែលជាកម្មសិទ្ទិឯកជនផ្តាច់មុខរបស់ ឧកញ៉ា គង់ ក្រឹង ដ៏ល្បីឈ្មោះប្រចាំស្រុកស្នួលខេត្តក្រចេះនេះផងដែរ។ អង្គភាពយើងមិនអាចសុំការបកស្រាយពីលោក លន់ សុផាត ស្នងការ និងលោក វ៉ា ថន ចៅហ្វាយខេត្តក្រចេះបាននោះទេ?។
ដោយឡែក លោកឧកញ៉ាគង់ក្រឹងតេមិនចូលទោះព្យាមជាច្រើនលើកយ៉ាងណាកីមិនចូលដែរ នៅថ្ងៃចេញផ្សាយនេះ។ អង្គភាពយើងនិងស្វែងរកការបំភ្លឺពីអាជ្ញាធរពាក់ពាន់និងលោកឧកញ៉ាគង់ក្រឹង មកផ្សាយនៅលេខក្រោយបន្តទៀត៕