សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ល្បី​ថា​កាប់​ឈើ​ខាងក្រៅ​យក​ចូល​ក្នុង​បាត​អាង​បន្លំ​ឈើ​ស្របច្បាប់​!

ខេត្ត​ស្ទឹងត្រែង​៖ យោង​ប្រភពពី​ក្រុម​កម្មករ​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​អះអាងថា ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​នៃ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​កើតមាន​ច្រើន បើ​ទោះបីជា​សម្ដេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ ចុះ​ស៊ើបអង្កេត​ក្ដី​។​

​ប្រភព​បន្តថា ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៃ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ឲ្យដឹងថា ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ជា​រៀងរាល់​យប់ មាន​រថយន្ត​សាំ​យ៉ុង​ចាប់ពី ១០ ទៅ ១៥ គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅពេល​យប់​។​

​ប្រភព​ពី​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាត​អាង គឺ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​មន្ត្រី​អាវុធហត្ថ​ប្រចាំ​នៅ​តំបន់​នោះ យាមកាម​យ៉ាង​ហ្មត់ចត់​។ លោក​បញ្ជាក់ថា រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​អាច​ផ្ទុក​ឈើ​ចាប់ពី ២ ម៉ែត្រគូប ទៅ ៤ ម៉ែត្រគូប ហើយ​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកជញ្ជូន​ចេញពី​តំបន់​នោះ​យ៉ាង​ហោច​ណាស់ ១០​គ្រឿង​ដែរ​៖ «​ដឹក​ចេញពី​ឃ្លាំង​ស្តុក​ឈើ តំបន់​បាត​អាង​ពី​ខាងជើង​ទន្លេ​។ ការដឹក​នេះ យើង​សង្កេត​មើលទៅ នៅតែ​មាន​ជា​កម្លាំង​មន្ត្រី​អាវុធហត្ថ គេ​តាម​យាមកាម និង​អម​រថយន្ត​ហ្នឹង​រហូត​។ គេ​តាម​ពីក្រោយ​រថយន្ត​សាំង​យ៉ុង​ហ្នឹង​»​។​

​ប្រភព​ដដែល​បន្ថែមថា បច្ចុប្បន្ន​ឈើមូល​ដែល​នៅ​សេសសល់ ប្រមាណ ៣​ពាន់​ម៉ែត្រគូប ដែល​ឋិត​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង ដឹក​មក​ស្តុក​ទុក ច្រើន​ខែ​មក​ហើយ គឺ​មាន​មន្ត្រី​អាវុធហត្ថ យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​។ លោក​ថា ផ្នែក​ខ្លះ​តាម​បណ្ដោយ​ទន្លេសេសាន ក៏​មាន​ការ​កាប់រំលំ​ឈើមូល​ដឹកជញ្ជូន​ចូល​ការដ្ឋាន ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដែរ ៖ «​ការ​អារឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​អម​សងខាង​ទំនប់​ខាងជើង និង​ខាងត្បូង​នៅតែ​កើតមាន ជា​ហូរហែ​។ អ្នក​ហាម​ចេះ​តែ​ហាម អ្នក​ធ្វើ​ចេះតែធ្វើ​»​។​

​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​ផ្ទៃដី ៣៦.០០០ ហិកតារ ឋិត​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associate Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។​

​កន្លងទៅ សម្ដេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ   បាន​ថ្លែង​ទទួលស្គាល់​ពី​ការកាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។ សម្ដេច ក្រឡា​ហោម បាន​ស្នើឲ្យ​អាជ្ញាធរ​ជំនាញ​គួរពិនិត្យមើល​អាជីវកម្ម​នេះ​ឡើង​វិញ ក្រោយពី​សម្ដេច ទទួល​បាន​លិខិត​មួយច្បាប់ ទាក់ទិន​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​៖ «​ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ ម៉ែត្រ​។ វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​ឈើ​នៅ​អី​ណាណី ថា​សំអាត​បាត​អាង​។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់​»​។​

​ប្រជាពលរដ្ឋ និង មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ឆ្ងាយ រួច​បន្លំ​ចូល​បាត​អាង​បាន​កើតមានឡើង​ជា​ប្រព័ន្ធ​ច្រើន​ឆ្នាំ​មកហើយ នៅ​ពុំទាន់​មាន​ស្ថាប័ន​ជាតិ​ណា​មួយ​បង្ហាញ​ជំហរ​ច្បាស់លាស់​ស៊ើបអង្កេត ឲ្យមាន​ការទទួលខុសត្រូ​វ​នោះទេ​៕

 

sesan181204a1 sesan181204a2 sesan181204a3 sesan181204a4 sesan181204a5 sesan181204a6 sesan181204a7

រូបថតឯកសារកន្លងមក

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.