សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បិទ​មហាសន្និបាត​លើក​ទី​៤ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

នៅ​រសៀល​ថ្ងៃ​អង្គារ ៥ រោច ខែ​កត្តិក ឆ្នាំច​សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​មហាសន្និបាត តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិការ​មក​ពី​ទូទាំង​២៥ រាជធានី​-​ខេត្ត ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ មហាសន្និបាត​នេះ​គឺ​បាន​ផ្តោត​លើ​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​(២០១២-២០១៨) និង​ទិសដៅ​បន្ត​ការងារ​ឆ្នាំ​(២០១៨-២០២០)​ព្រម​ទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ជាមួយ​នឹង​កិច្ចពិភាក្សា​និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ​។​

​តាមរយៈ​របាយការណ៍​របស់ ឯ​ឧ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) បានអោយដឹងថា​មកដល់​បច្ចុប្បន្ន​នៅតែ​បន្ត​ស្មារតី​សាមគ្គី​រួបរួម​កម្លាំង​ធ្វើ​សកម្មភាព​នានា​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង​ធនធានមនុស្ស និង​សង្គម​កម្ពុជា​។ ស​.​ស​.​យ​.​ក នឹង​បន្ដ​សកម្មភាព​ចូលរួម​ជា​វិជ្ជមាន​ដល់​សង្គម​កម្ពុជា ជាពិសេស​បន្ដ​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អង្គការ ស្ថាប័ន​ដៃគូ និង​បុគ្គល​ដែល​មាន​បេះដូង និង​បេសកកម្ម​ដូច​គ្នា​លើ​ការកសាង​អភិវឌ្ឍន៍​កម្ពុជា​មួយ​ដ៏​រឹងមាំ និង​កាន់តែ​មាន​ការទទួលស្គាល់​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្ដរជាតិ​។ ស​.​ស​.​យ​.​ក នឹង​បន្ត​សកម្មភាព​លើកស្ទូយ​នូវ​ឧត្តមភាព កិត្តិនាម​ជាតិ និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​អំពី​ប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿ​សាសនា ដែល​ជា​អត្ដ​សញ្ញាណ​ជាតិ និង​បន្ដ​លើកកម្ពស់​សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និង​បំណិន​ជីវិត​របស់​យុវជន​។ បន្ថែម​ពី​នេះ បន្ដ​ជំរុញ​យុវជន ឲ្យចូល​រួម​កម្មវិធី​ស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធី​មនុស្សធម៌ ឬ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍ ដើម្បី​ផ្តល់​ឲ្យ​យុវជន​បាន​សាកល្បង​ចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និង​ទទួលបាន​បទពិសោធន៍​ដើម្បី​ជា​ឧត្តម ប្រយោជន៍​របស់​ជាតិ​។​

​ជា​លទ្ធផល​នៃ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​លើក​ទី​៤ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៨ នេះ ឯ​ឧ ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក បាន​ប្តេជ្ញា​ថាៈ ១)​បន្ត​ថែរក្សា​កិត្យានុភាព​ល្អ​របស់​សហព័ន្ឋ​តាមរយ​:​ការធ្វើ​អំពើ​ល្អ ២)​បន្ត​ថែរក្សា​ស្មារតី ០២​ធ្នូ ដែល​កើតចេញ​ពី​ការតស៊ូ​ការលះបង់​របស់​ឥស្សរជន​ជំនាន់​មុន​របស់​កម្ពុជា ៣)​បង្កើន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​តាមរយ​:​ការបង្កើត​ភាព​វិជ្ជមាន​កាន់តែច្រើន​សម្រាប់​សង្គម ៤)​ជំរុញ​អោយ​មាន​ការចូល​រួម​ដោយ​ស្ម័គ្រចិត្ត មិន​មាន​ការបង្ខិតបង្ខំ ប៉ុន្តែ​លើក​ទឹកចិត្ត​ពេល​មាន​ការចូលរួម ៥)​គាំទ្រ និង​លើកទឹកចិត្ត​អោយ​យុវជន​ខិតខំ​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​របស់​ខ្លួន ៦)​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព​រវាង​យុវជន និង​យុវជន​ក្នុង​វិស័យ​របស់​ខ្លួន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង ៧)​ជំរុញ​អោយ​មាន​ការផ្សាយ​នូវ​សកម្មភាព​របស់​ខ្លួន (​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ចូលរួម​ធ្វើ និង​បញ្ជ្រាប​ដល់​មជ្ឈដ្ឋាន​ផ្សេង​បាន​ដឹង​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​)​។​

​នៅ​ថ្ងៃនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សប្បាយរីករាយ យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​មហាសន្និបាត​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទ​ចំពោះ​សកម្មភាព និង​សមិទ្ធផល​សំខាន់ៗ របស់ ស​.​ស​.​យ​.​ក ក្នុងការ​រួបរួម​សាមគ្គី​គ្នា​ឲ្យទៅ​ជា​ចលនា​ជាតិ​មួយ​ដែល​បាន​ធ្វើ​កន្លងមក​ក្នុង​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​សង្គម​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ជាមួយ ស​.​ស​.​យ​.​ក ដែល​បាន​សម្រេច នូវ​កំណត់ត្រា​ពិភពលោក​សំខាន់ៗ​ដូចជា នំអន្សម​យក្ស​, រាំ​ម៉ា​ឌី​ស្សុន​ដែល​មាន​អ្នកចូលរួម​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​, ក្រ​ម៉ា​វែង​ជាង​គេ​ក្នុង​លោក​,​ទូកង​វែង​ជាង​គេ​បំផុត និង​សកម្មភាព​សំខាន់ៗ​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​បិទ​មហាសន្និបាត​ទូទាំង​ប្រទេស​លើក​ទី​៤ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ​ផងដែរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹក​អំពី​ដំណើរការ​នៃ​ការ​រំដោះ​ប្រទេស​ជាតិ និង​ការស្វែងរក​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​ក្នុង​រយៈ ៤០​ឆ្នាំ​ដែល​បាន​ធ្វើឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ ជាពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ពី​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​ដោយ​ត្រូវ​យក​ជីវិត​ធ្វើ​ជា​ដើមទុន និង​ការ​ប្រថុយ​គ្រោះថ្នាក់​ក្នុងការ​រំដោះប្រជាជន​កម្ពុជា​ពី​ភ្នក់ភ្លើងសង្គ្រាម​។

​នៅក្នុង​នោះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ចំនុច​២​សំខាន់​គឺ​៖ ១)​នៅតែ​បន្ត​អំពាវនាវ​អោយ​យុវជន​ទាំងអស់​ត្រូវ​បន្ត​រួម​ចំណែក​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ដើម្បី​ទប់ស្កាត់​មិន​អោយ​រឿងរ៉ាវ​អតីតកាល​វិលត្រឡប់​មក​វិញ​ជាដាច់ខាត និង ទី​២) កម្ពុជា​ត្រូវតែ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការជំរុញ​ឱ្យ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ ដែល​នេះ​ជា​ការកំណត់​ជោគវាសនា​នៃ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។​

​មុន​នឹង​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី​៤ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គ​មហាសន្និបាត និង​បាន​ជូនពរ​សមាជិក សមាជិការ (​ស​.​ស​.​យ​.​ក​) ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ ចម្រើន និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៅមុខ​ថែមទៀត​៕

m181127b00 m181127b01 m181127b02 m181127b04 m181127b05-(1) m181127b05-(2) m181127b05-(3) m181127b05-(4) m181127b05-(5) m181127b05-(6) m181127b05-(7) m181127b05-(8) m181127b05-(9) m181127b05-(10) m181127b05-(11) m181127b05-(12) m181127b05-(13) m181127b05-(14) m181127b05-(15) m181127b05-(16) m181127b05-(17)

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.