សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​កងកម្លាំង​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ដើម្បី​ដាក់​ការពារ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ​

ភ្នំពេញ​៖ អគ្គស្នងការ​រង​នគរបាលជាតិ នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មានប្រសាសន៍ថា អាជ្ញាធរ​បាន​ត្រៀមកម្លាំង​ទាំង​ចំហរ និង​សំងាត់ ប្រមាណ​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ វិច្ឆិកា​។ លោក ទូច ណារ៉ុថ រៀបរាប់ថា កងកម្លាំង​ចំហ ជា​កងកម្លាំង​ប្រចាំ​គោលដៅ និង​ចល័ត ហើយ​មាន​ឯកសណ្ឋាន និង​មាន​អាវុធ​នៅ​ជាប់​ខ្លួន​។ ចំណែក កងកម្លាំង​សម្ងាត់​វិញ ជា​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ មាន​តួនាទី ដើរ​ប្រាប់​ពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ដើរ​ចាប់​មុខសញ្ញា​ជនល្មើស ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​៖ «​យើងខ្ញុំ​បាន​ត្រៀម​រៀបចំ​កងកម្លាំង​ទាំង​ចំហ ទាំង​សម្ងាត់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​បាទ​។ កម្លាំង​ចំហ យើង​មាន​សមត្ថកិច្ច​នៅតាម​ដងផ្លូវ កម្លាំង​ដើរល្បាត កម្លាំង​ឈរ​តាម​ដងផ្លូវ កម្លាំង​ឈរ​ប្រចាំការ​នៅ​កន្លែង​តំបន់​នី​មួយៗ នៅ​តាម​គោលដៅ ដើម្បី​ការពារ​ប្រជាពលរដ្ឋ ហើយ​យើង​ក៏​មាន​កម្លាំង​សម្ងាត់​ដើរ​ត្រួតពិនិត្យ​មុខសញ្ញា ដើរ​ចែកជូន​ខិតប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​»​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា អាជ្ញាធរ បាន​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង នៅមុខ​សួនច្បារ​មេទ័ព​តេជោ​មាស តេជោ​យ៉ត មុខ​វត្ត​ឧណ្ណា​លោម​។ រី​ឯ​ចំនួន​ទូក ង ដែល​ចូលរួម​ប្រណាំង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ មាន​ចំនួន ២៩៥​ទូក កីឡាករ​ចំណុះ​ទូក​មាន​ជិត ២​ម៉ឺន​នាក់ និង​ប្រទីប មាន​ចំនួន ១៥​ប្រទីប​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា នឹង​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង មិនឲ្យ​មធ្យោបាយ​ធ្វើដំណើរ​ឆ្លងកាត់ តាម​ផ្លូវ​មួយចំនួន ដូចជា ផ្លូវ​លេខ​១៥០ ផ្លូវ​ព្រះស៊ីសុវត្ថិ ប៉ែក​ខាងជើង​វត្ត​ឧណ្ណា​លោម ផ្លូវ​លេខ​១៣០ ផ្លូវ​ខាងក្រោយ​ព្រះបរមរាជវាំង កំណាត់​មហាវិថី​ព្រះ នរោត្តម ផ្លូវ​លេខ​២៩៤ និង​ផ្លូវ​មួយចំនួន ចាប់​ពី​នៅ​ម្ដុំ​មាត់ទន្លេ ក្បែរ​ព្រះបរមរាជវាំង ដល់​តំបន់​កោះ​ពេជ្រ​។ ប៉ុន្ដែ ពលរដ្ឋ​ថ្មើរជើង អាច​ដើរ​កំសាន្ដ​គ្រប់ទិសទី ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ បង្គន់​អនាម័យ​សាធារណៈ ចំនួន​ជិត ៦០០​បង្គន់ (៥៩៧) តម្លើង​នៅ​ទីតាំង​ចំនួន ៣១​កន្លែង ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ទាំ​ង ៣​យប់ ៣​ថ្ងៃ ដោយ​មិន​ចាំបាច់​បង់ប្រាក់​។ ចំណែក​ក្រសួង​សុខាភិបាល​ជូន​ដំណឹង​ថា ត្រៀម​រថយន្ត​សង្គ្រោះ ចំនួន ៦៨​គ្រឿង និង​តង់​សុខភាព​ចំនួន ១២​កន្លែង​។ តង់​សុខភាព​ទាំងនេះ នឹង​ផ្តល់​សេវា​សុខភាព ២៤​ម៉ោង​។ តង់​សុខភាព និង​រថយន្ដ​សង្គ្រោះ​បន្ទាន់ នឹង​ត្រូវ​ដាក់​ពង្រាយ​ទូទាំង​តំបន់​ប្រារព្វ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​៕

m181120b1 m181120b2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.