សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ លើក​ទី​២០

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន រួចហើយ នៅ​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិកា ដដែល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បន្ត​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០​។

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯ​ឧ មូន ចេ​អ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០​ថ្ងៃនេះ គឺ​ផ្តោតលើ​ប្រធានបទ «​ការពិនិត្យ​ឡើងវិញ នូវ​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​-​កូរ៉េ និង​ទិសដៅ​អនាគត​»​។

​ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ឡើង​ធ្វើ​បទ​អន្តរាគមន៍ និង​ទស្សនៈវិស័យ​អំពី​ទំនាក់ទំនង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើ​ចំណុច​សំខាន់ៗ​ចំនួន​៣:-

១) កម្ពុជា ស្វាគមន៍​នូវ​សំណើរ​រៀបចំ​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ទន្ទឹមនឹងនេះ​ដែរ គឺ​កម្ពុជា​បានកត់សំគាល់​ដោយ​ក្តី​រីករាយ​នូវ​បំណង​តម្លើង កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ទៅ​ជា​កិច្ចប្រជុំ​កំពូល ហើយ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ ស្របពេល​ជាមួយ នឹង​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​។ កម្ពុជា​នឹង​បន្ត​ធ្វើកា​រយ៉ា​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ឲ្យ​កិច្ចប្រជុំ​កំពូល​សម្រេច​បាន​លទ្ធផល​ប្រកបដោ​យ​ផ្លែផ្កា សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​បស់​យើង​ថែម​ទៀត​។

២)​កម្ពុជា ស្វាគមន៍​នូវ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​បំណង​លើកកម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ និង​បង្កើត​សហគម​ន៍​មួយ​ដែល​ឈរ​លើ​សសរស្តម្ភ​បី គឺ ប្រជាជន​, វិបុលភាព​, និង​សន្តិភាព​។ កម្ពុជា​ក៏​សង្ឃឹម​ផង​ដែរ​ថា គោលនយោបាយ​នេះ នឹង​បំពេញ​បន្ថែម​ឲ្យ​គោល​នយោបាយ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ និង​បម្រើ​ផលប្រយោជន៍​ដល់​ចំណង​មិត្តភាព​តំបន់​យើង​ទាំង​ពីរ ក៏ដូចជា​ប្រជាជន​ជារួម និង​
៣) កម្ពុជា ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរ​កូរ៉េ និង​ជំនួប​កំពូល​សហរដ្ឋអាមេរិក​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការកសាង​សន្តិភាព​អចិន្រៃ្តយ៍ កិច្ច​សហ​ប្រតិ បត្តិការ​ឈ្នះ​-​ឈ្នះ ព្រមទាំង​ការលុបបំបាត់​អាវុធ​នុយក្លែអ៊ែ​រដោយ​សន្តិវិធី និង​វិបុលភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ​។

​ការអនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល សហរដ្ឋអាមេរិក​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​សេចក្តីថ្លែងការណ៍​ប៉ានមូ​យ៉ូម ព្រមទាំង​សេចក្តីប្រកាស​រួម​ទីក្រុង​ព្យុង​យ៉ាង​គឺ​ទាមទារ​នូវ​ការអត់ធ្មត់​។ ការ​វិវឌ្ឍន៍​ថ្មីៗ​នេះ​គឺជា​ការលើកទឹកចិត្ត និង​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧបទ្វីប​កូរ៉េ​។ កម្ពុជា​សង្ឃឹម​ថា​ការវិឌ្ឍន៍​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការឈាន​ទៅ​សម្រេចបាន​នូវ​សន្តិភាព​អចិន្រៃ្តយ៍ និង​ការរំសាយ​អាវុធ​នុយក្លែអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០​នោះដែរ អង្គប្រជុំ​បាន​ឯកភាពគ្នា​ក្នុងការ ចេញ​សេចក្តីប្រកាស​ព័ត៌រួម​របស់ប្រធាន​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០ និង​របាយការណ៍​វឌ្ឍនៈភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​សន្តិភាព និង​វិបុលភាព​ឆ្នាំ ២០១៦-២០២០៕

 

m181114a4 m181114a5 m181114a6-(1) m181114a6-(2) m181114a6-(3) m181114a6-(4)

Filed in: អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.