សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អគ្គនាយកដ្ឋាន​គយ​និង​ដ្ឋា​ករ​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការចាត់​ថ្នាក់​ទំនិញ​តម្លៃ​ពន្ធគយ​និង​វិធាន​ដើមកំណើត​ទំនិញ​

​ភ្នំពេញ​៖ នា​ថ្ងៃ​ពុធ ៧​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការចាត់​ថ្នាក់​ទំនិញ តម្លៃ​គិត​ពន្ធគយ និង​វិធាន​ដើមកំណើត​ទំនិញ​” ក្រោម​អធិបតីភាព​របស់​លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​គយ​និង​រដ្ឋាករ​ពាក់ព័ន្ធ ចំនួន ៤០​រូប ក្នុង​គោលបំណង លើកកម្ពស់​សមត្ថភាព​និង​ចំណេះដឹង​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​កម្ពុជា លើ​ផ្នែក​បច្ចេកទេស​គយ ដូចជា ការចាត់​ថ្នាក់​ទំនិញ តម្លៃ​គិត​ពន្ធគយ និង​វិធាន​ដើមកំណើត​ទំនិញ ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល លោក  នួន ច័ន្ទ​រិទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា ទិដ្ឋភាព​បច្ចេកទេស​ទាំងបី​នេះ មិន​ត្រឹមតែ​បាន​ចូលរួមចំណែក​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រមូល​ចំណូល​ឲ្យសម្រេចបាន​នូវ​រាល់​ផែនការ​ចំណូ​ល​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវបាន​ចាត់ទុក​ថា ជា​កត្តា​គន្លឹះ​ដែល​ជំរុញ​ឲ្យ​ការធ្វើកំណែទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​គយ​កម្ពុជា​ទទួលបាន​ជោគជ័យ ផងដែរ​។ ហេតុនេះ វគ្គ​បណ្តុះបណ្តាល​លើ​ប្រធានបទ​នេះ មាន​ភាពចាំបាច់​ដែល​ត្រូវធ្វើឡើង​ជាប់​ជាប្រចាំ ដើម្បី​ពង្រឹង​សមត្ថភាព មន្ត្រី​ជំនាញ ស្រប​តាមឧ​ត្ត​មានុ​វត្តន៍​ជា​អន្តរជាតិ និង​តាម​ការវិវត្ត​ថ្មីៗ នូវ​ការងារ​បច្ចេកទេស និង​ចំណេះដឹង​ពាក់ព័ន្ធ​។

​ប្រធានបទ​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល រួមមាន ៖ វិធាន​ចំណាត់ថ្នាក់​ទំនិញ លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំណាត់ថ្នាក់​ទំនិញ​របស់​អង្គការ​គយ​ពិភពលោក និង​ទស្សនទាន​នៃ​ប្រព័ន្ធ​លេខ​កូដ​ទំនិញ​ឆ្នាំ​២០២២, វិធាន​បញ្ជាក់​ជា​មុន​លើ​ការ​ចាត់ថ្នាក់​ទំនិញ​, បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​តម្លៃ​គិត​ពន្ធគយ​, វិធីសាស្ត្រ​កំណត់​តម្លៃ​គិត​ពន្ធគយ​, ការស្វែងយល់​ពី​ឯកសារ​ពាណិជ្ជកម្ម​, វិធាន​ដើមកំណើត​ទំនិញ​, និង​នីតិវិធី​ប្រតិបត្តិ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ ជាដើម​។​

​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​គយ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នឹង​បន្ត​រៀបចំ​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​លើ​ប្រធានបទ​ដូចខាងលើ ជូន​ដល់​ផ្នែក​ឯកជន​ប្រមាណ ៦០ រូប ដែលជា ធុរជន ម្ចាស់​ទំនិញ ប្រតិបត្តិ​ករ​ដឹកជញ្ជូន និង​ជើង​សាគយ​ផងដែរ ជា​ពិសេស​ពាក់ព័ន្ធ​នឹង នីតិវិធី​ស្នើសុំ​ផ្ទៀងផ្ទាត់​លេខ​កូដ​ទំនិញ តម្លៃ​គិត​ពន្ធគយ និង​អត្រាពន្ធ​អនុគ្រោះ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។​

 

m181114a1 m181114a1-(4) m181114a1-(3) m181114a1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.