សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ខណ្ឌ​ទាំង​១២​ចូលរួម​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៦​ឆ្នាំ​!

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​រាជធានី ក្រុមប្រឹក្សា រដ្ឋបាល​ខណ្ឌ​ទាំង​១២​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ពិធី​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់​ខួប​៦​ឆ្នាំ​គត់​នៅ​កន្លែង​ទី​តម្កល់​ព្រះ​បរម​រូប នៅខាងមុខ​វិមានឯករាជ្យ​។​

​គេ​សង្កេតឃើញថា​៖​ក្រោយ​ការយាង​សោយ​ទិវង្គ​របស់​ព្រះអង្គ ជា​រៀងរាល់ឆ្នាំ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ ព្រមទាំង​មន្ត្រី​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា អាជ្ញាធរ​ដែនដី​រាជធានី ខណ្ឌ និង​អង្គការ​ផ្សេងៗ បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ នៅ​កន្លែង​តម្កល់​ព្រះ​បរម​រូប​នៅខាងមុខ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​គម្រប់​៦​ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ និង​ដែន​ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយ​ក៏​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​

​សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុក​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហា​វីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជាពិសេស​ព្រះរាជ​បូជនីយ​កិច្ច​ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង ១៖២០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​) ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បាន​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួ​គ៌ា​។​

​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​តាម​ខណ្ឌ​ទាំង​១២​ក៏​មាន​ការធ្វើ​ពិធី​ថ្វាយ​ព្រះ​រាជកុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់​ខួប​៦​ឆ្នាំ​នៅ​តាម​ខណ្ឌ​និមួយៗ​ថែម​ទៀត​ក្រោយ​ពី​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ជាក់ស្ដែង​ដូចជា រដ្ឋបាល​ខណ្ឌដង្កោ បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម​រតនៈ​កោដ្ឋ​” គម្រប់​ខួប​៦​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌ​ដង្កោ និង​លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ និង​យុវជន​ខណ្ឌ​៕

 

s181016a1 s181016a2 s181016a3a s181016a3b s181016a3c s181016a3d s181016a3e

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.