សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​តេជោ​ហ៊ុន សែន យល់ព្រម បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋ​ធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​សម័យ​សង្គ្រាម​!

ភ្នំពេញ  ៖ ក្នុង​លិខិត​ឆ្លើយតប​នឹង​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ លោក វីន​សុន បាយ្ស (Vicent Buys) ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យល់ព្រម បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋ​ធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ដោយសារ​សង្គ្រាម នៅ​ប្រទេស​កម្ពុជា​ឡើងវិញ​។ ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​ក្នុង​លិខិត​ជូន​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​អាមេរិក ចុះ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​បាន​ទទួល​លិខិត​រួមគ្នា​របស់​ឯកឧត្តម សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព សេដ្ឋកិច្ច​-​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ និង​សេចក្តីប្រាថ្នា​របស់​ឯកឧត្តម ដែល​ចង់​ឲ្យ​បន្ត​ឡើង​វិញ​នូវ​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​សម្តេច​តេជោ ហ៊ុន សែន បន្តថា “​ជា​ការពិត​យើង​តែងតែ​មានបំណង​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរ​លើ​មូលដ្ឋាន​ផលប្រយោជន៍​រួម និង​គោរព​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំងពី​មុន​ពេល​កម្ពុជា និង​សហរដ្ឋអាមេរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ទស្សវត្ស ១៩៩០ គឺជា​ឧទាហរណ៍​បញ្ជាក់​ច្បាស់​អំពី​ការខិតខំ​របស់​យើង ដើម្បី​គោលដៅ​នេះ ហើយក៏​ជា​ការឆ្លុះបញ្ចាំង​នូវ​ការរួម​មនោ​សញ្ជេត​នា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុមគ្រួសារ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង​ដោយ​ការបាត់បង់​របស់គេ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បន្តថា “​កម្មវិធី POW/MIA បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​អស់​ជាង ៣០​ឆ្នាំ​មកហើយ មុនពេល​ត្រូវ​ផ្អាក បន្ទាប់​ពី​កម្ពុជា ត្រូវបាន​ដាក់​ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែ​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក ផ្តល់​ការពិចារណា​បន្ថែម ចំពោះ​ករណី​កម្ម​វិធី​ធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អាមេរិក ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌ ប្រហាក់ប្រហែលគ្នា​ដែរ​”​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រមទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​របស់​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​របស់​ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើង​វិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋ​ធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបីជា​ការ​រឹតត្បិត​ទិដ្ឋាការ​សហរដ្ឋអាមេរិក នៅតែមាន​សុពលភាព​ក៏ដោយ​”​។​

​លិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិក​សុន និង​លោក​តំណាងរាស្ត្រ វីន​សុន បាយ្ស រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខាងលើនេះ ក៏​បាន​ចម្លង​ជូន​លោកស្រី អាន​មៀល គ្រី​ហ្វីត ( Ann-Mills Gritfiths ) ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​សមាគម​ជាតិ​នៃ​គ្រួសារ របស់​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) ផងដែរ​។​

​ប្រភព​មន្ត្រីជាន់ខ្ពស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា បានឲ្យដឹងថា «​កម្មវិធី​ស្វែងរក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន គឺជា​ស្មារតី​មេត្តាករុណា​មួយ ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ផ្តល់​ឲ្យទៅ សហរដ្ឋអាមេរិក​។ នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ គឺ​កម្ពុជា នឹង​ផ្តល់ឲ្យ​សហរដ្ឋអាមេរិក​នូវ​ការដូ​រថ្មី​មួយទៀត ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​»​។​

​សូម​រម្លឹកថា កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅ​កម្ពុជា ត្រូវបាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​សហរដ្ឋអាមេរិក បាន​រឹតបន្តឹង​លើ​ការផ្តល់​ទិដ្ឋាការ (Visa) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក រហូត​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ក្រុមគ្រួសារ​។​

​សហរដ្ឋអាមេរិក បាន​ដាក់ចេញ​នូវ​ទណ្ឌកម្ម​រឹតបន្តឹង​លើ​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា បន្ទាប់​ពី​កម្ពុជា បាន​ស្នើសុំ​ដល់​សហរដ្ឋអាមេរិក ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ សញ្ជាតិ​អាមេរិក ដែល​មាន​ទោសកំហុស ដោយ​កម្ពុជា​ស្នើ​ដល់​អាមេរិកឲ្យ​ឃុំឃាំង​អ្នកទាំងនោះ នៅ​ទឹកដី​អាមេរិក ជំនួស​ការចាប់​បញ្ជូន​ពួកគេ​ទាំង​បង្ខំ​មក​កម្ពុជា ហើយ​ហាមឃាត់​មិនឲ្យ​ចូល​ទឹកដី​អាមេរិក​។ វិធានការ​របស់​អាមេរិក​ដូច្នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ធ្វើឲ្យ​ក្រុមគ្រួសារ​ពលរដ្ឋ​ខ្មែរ មាន​សញ្ជាតិ​អាមេរិក​ទាំងនោះ ត្រូវ​ព្រាត់ប្រាស់​ប្រពន្ធ​កូន​ជា​រៀងរហូត​។​

​របាយការណ៍​បង្ហាញ​ថា ទាហាន​អាមេរិក ប្រមាណ ៩០​នាក់ បាន​បាត់​ខ្លួន នៅ​កម្ពុជា ក្នុង​អំ​ឡង​ពេល​នៃ​សង្គ្រាម​វៀតណាម​។ នៅ​ឆ្នាំ ១៩៩២ សហរដ្ឋអាមេរិក បាន​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ពី​កម្ពុជា ក្នុង​ការរុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន ដែល​បាន​បាត់​ខ្លួន​ទាំងនោះ​។ សំណើ​នេះ បាន​ទទួល​ការស្វាគមន៍ ហើយ​ចាប់តាំងពី​ពេលនោះ​មក ការរុករក​ទាហាន​អាមេរិក ក៏​បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​កម្ពុជា និង​បាន​រកឃើញ​អដ្ឋិធាតុ​ជា​បន្តបន្ទាប់​។ មុន​ពេល​ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មាន​អដ្ឋ​ធាតុ​ទាហាន និង​ឈ្លើយសឹក​អាមេរិក ប្រមាណ ៤០​នាក់ ត្រូវបាន​រកឃើញ ហើយ​បញ្ជូន​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ ៕

 

s181014a10 s181014a11 s181014a12 s181014a13

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.