សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្រុម​ឈ្មួញ​ងារ​ជា​ឯកឧត្តម ឧកញ៉ា​នៅតែ​បន្ត​ដឹក​ជញ្ជូន​ទៅ​លក់​ស្រុក​យួន​បាន​ដោយ​រលូន​!

​ខេត្ត​ស្ទឹងត្រែង ៖ យោង​ប្រភពព័ត៌មាន​ពី​ខេត្ត​ស្ទឹងត្រែង​បានឲ្យ ដឹង​ថា​មេ​ឈ្មួញ​ឧកញ៉ា លឹម ប៊ុណ្ណា កំពុង​សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍​យោធា​មួយ​រូប​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ ជ័យ និង ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប (Royal Group)​របស់​ឧកញ៉ា​គិត​ម៉េង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹង ត្រែង​យ៉ាង​រង្គៀល​ដោយ​ឈ្មោះ សេង និង​ប្រពន្ធ​ជា​មេការ​ក្រុមហ៊ុន (Royal Group) របស់​ឧកញ៉ា​គិត​ម៉េង និង​លោក​សាន​ច​យ ជា​មេការ​របស់​មេ​ឈ្មួញ​ឧកញ៉ា​លឹម​ប៊ុណ្ណា ដែល​មាន​ភរិយា​ឈ្មោះ ថុង ធីតា គឺ​និង​មេការ​របស់​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត ឈ្មោះ ឃុយ ជា​អ្នក​ដែល​បាន និង​កំពុងតែ​កៀរគរ​ពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង​ដើម្បី​ប្រែ ក្លាយ​ឈើ​ទាំងនោះ​ឲ្យទៅ​ជា​ឈើ​ស្របច្បាប់​។​

​បើ​តាម​ជនជាតិដើម​ភាគតិច​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​ខេត្ត​ស្ទឹង ត្រែង​និង​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លប់​បំបាត់​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខណៈ​ដែល​ក្រុម ហ៊ុន​រ៉ូយ៉ាល់​ក្រុប (Royal Group)​របស់​ឧកញ៉ា​គិត​ម៉េង សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ និង​មេការ​របស់ខ្លួន​ឈ្មោះ ឃុយ នៅតែ​បន្ត​អារច្រៀក​ឈើមូល​ធំៗ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅប្រទេស បើ​ទោះបី​មាន​លិខិត​បញ្ឈប់​អាជីវកម្ម​យ៉ាងណា​ក៏ដោយ​ក្តី​។​
​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​បានឲ្យដឹង​ថា​ឃ្លាំង ស្តុក​ឈើ​រាប់ពាន់​ម៉ែត្រគូប​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្នុងស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ដែល​ក្រុមហ៊ុន​បាន​ដឹក​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ​អារច្រៀក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា​នៅ​តំបន់​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​ការដឹកជញ្ជូន​ចេញ​ក្រៅ​ខ្លះៗ នៅពេល​យប់​និង​មាន​ការបន្ថែម​កម្លាំង​មន្ត្រី​អាវុធហត្ថ​យាម​យ៉ាង​ប្រុង ប្រយ័ត្ន​ជា​ទីបំផុត​។​

​កម្មករ​ធ្វើការ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យដឹងថា​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាត​អាង​បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ក្រៅ​តាម​រថយន្ត​ប៉ា​កុង​ចាប់ពី​៥​រថយន្ត ទៅ​៧​រថយន្ត​និង​បន្ថែម​កម្លាំង​មន្ត្រី​អាវុធហត្ថ​យាម​ការពារ​យ៉ាង​តឹងរ៉ឹង​។

​លោក​បញ្ជាក់ថា ឈើ​រាប់ពាន់​ម៉ែត្រគូប​ដែល​គេ​ដឹក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ឋិត​នៅ​ខាងជើង​ទន្លេ​និង​ខាងត្បូង​ទន្លេ​កំពុង​ត្រូវបាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចេញ​ក្រៅ​ជា​បណ្តើរៗ​នៅពេល​យប់​។​

​ពលរដ្ឋ​នៅក្នុង​ខេត្តស្ទឹងត្រែង​បាន​បារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ និង​ចង់​ឲ្យ​សម្ដេច​ហ៊ុន​សែន​បញ្ជា​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​អោយមាន​ប្រសិទ្ធភាព​ដោយ​កុំ​ធ្វើ​អោយ​តែ​ល្អមើល​មួយ​ឆាវៗ​។

​លោក​អំពាវនាវ​ឲ្យ​ពេញ​របប​អាណត្តិ​ទី​៦​នេះ​ត្រូវ​បញ្ឈប់​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ដើម្បី​កាត់បន្ថយ​ការរិះគន់​និង​ស្តារ​ព្រៃឈើ​ឡើងវិញ ខណៈ​ដែល​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​តាំងពី​ចុង​ឆ្នាំ​២០១៧​។

​លោក​ថា រយៈពេល ៥ ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន​បាន​ប្រើ​លេស​សំអាត​បាត​អាង​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ពី​ខាងក្រៅ​បន្លំ​ជា​ឈើ​ស្របច្បាប់​ប្រភព​ខាងលើ​បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បញ្ឈប់​ទៅ​ឈើ​បាត​អាង ។ ល្មម​បញ្ចប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​មក​ដោយ​សំអាង​ហេតុ ផល​បាត​អាង ល្មម​ហើយ ៥ ទៅ ៦ ឆ្នាំ​ហើយ​» ។​

​ដោយឡែក ជនជាតិដើម​ភាគតិច​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​គាត់​បាន​បង្ហើប​ថា​ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​បញ្ជូន​កម្មករ​ច្រើន​នាក់​អារ​រំលំ​ឈើមូល​ធំៗ នៅក្បែរ​លំនៅឋាន​សហគម​ន៍​ដោយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប៉ា​កុង​ចូលក្នុង​បាត​អាង​ធ្វើឲ្យ​ព្រៃឈើ​ដែល​ជា​ជម្រក​អនុផល​របស់​ជនជាតិ​ដើម​ភាគតិច​បាន​បាត់បង់​ទាំង​ស្រុង​ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិន​ទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។ លោក​បន្តថា​៖​បច្ចុប្បន្ន​គេ​ឈប់​កាប់​ឈើ​តែ​អស់​ឈើ​ហើយ​បាន​វា​ឈប់​។ ឈើ​ពីមុន​តំបន់​ក្បែរ​ហ្នឹង​ច្រើន​សុ​ក្រំ​ស្រឡៅ​និង​ឈ្លីក​តែ​ឥឡូវ​អស់​គ្មាន​សល់​ទេ​។​

​កាលពី​ថ្ងៃ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ រដ្ឋមន្ត្រី​លោក​ប៊ុន​អ៊ុយ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការដឹក ជញ្ជូន​ឈើ​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ផ្អាក​ការ​ឈូសឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូត​ដល់​បោះឆ្នោត​ជា​សកល​រួច​។ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាងថា​ក្រុមហ៊ុន​នេះ​នៅតែ​ដឹក​ឈើ​ចេញ​ទៅ វៀតណាម​ជា​រៀងរាល់​យប់​ទេ​។​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​សឹង​សែន​ករុណា​សម្ដែង​ការសោកស្តាយ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ​ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ​និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​អនុលោម​តាម​ច្បាប់​កំណត់​ក៏​ប៉ុន្តែ​ធាតុពិត​ការលប់បំបាត់​បទល្មើស​ព្រៃឈើ​គឺ​គ្មាន​ប្រសិទ្ធភាព​បង្ក​ឲ្យ​ក្រុម​ជនខិលខូច​និង​អ្នកមាន​ឥទ្ធិពល​នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ ។​

​លោក​បន្តថា​៖​បើ​ថ្នាក់​ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់​បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ​នៅតែ​បំផ្លាញ​ធ្វើឲ្យ​ធនធានធម្មជាតិ​ហិនហោ​ច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង​គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់​វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​។​

​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​មាន​ផ្ទៃដី​៣៦.០០០ ហិកតារ​ឋិត​ក្នុងស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ដែលមាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា​ក្រុមហ៊ុន​បាន​ដឹកឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង​ជា​លេស​ថា​សំអាត​បាត​អាង​និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់​កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង រហូតដល់​ថ្នាក់​ជាតិ​។​

​សកម្មជន​បរិស្ថានរ​ក​ឃើញ​ថា​ក្រុមហ៊ុន​នេះ​បាន​ដឹកឈើ​មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នៅ​ស្រុក​សៀម​ប៉ាង​ជាប់​ព្រំដែន​ឡាវ​ចូល​បាត​អាង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មាន ប្រទេស​វៀតណាម​និង​ចិន​ជាដើម ។​

​ពាក់ព័ន្ធ​ការរិះគន់​ខាងលើ​សារព័ត៌​មា​យើង​មិនអាច​សុំ​ការបំភ្លឺ​បកស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ស្ទឹងត្រែង និង​ក្រុម​ហ៑ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញផ្សាយ​សារព័ត៌មាន​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់ពាន់​នៅ​ម៉ោង​ធ្វើការ ៕

 

batang1 batang2 batang3 batang4 batang5 batang6

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.