សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយករដ្ឋមន្ត្រី​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​វៀតណាម​សម្ពោធ​ស្ពាន​ឆ្លង​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ តម្លៃ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​

​ខេត្ត​កណ្ដាល​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧​នេះ រួម​គ្នា​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​) តម្លៃ​ជាង ៣៦​លាន​ដុល្លារ​អាមេរិក ជាមួយ​ការរំពឹង​ផ្តល់​ប្រយោជន៍ ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ប្រជាពលរដ្ឋ នៅ​ជាប់​ព្រំដែន​តែម្តង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​ជួយ​កម្ពុជា​ក្នុងពេល​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប៉ុលពត​និង​បាន​ជួយ​ផ្ដល់​ធនធាន​ក្នុង​ការអភិវឌ្ឍន៍​ប្រទេ​ក​ម្ពុ​ជា​។​សម្ដេច​តេ​ជោក៍​ចូលរួម​អបអរសាទរ​ចំពោះ​ការរីកចម្រើន​របស់​វៀតណាម​ដែល​ភាពរីក​ចម្រើន​នេះ​នឹង​ជួយ​ដល់​ភាព​រីកចម្រើន​ដល់​ប្រទេស​ជិតខាង​ដូច​កម្ពុជា​ជាដើម​។​សម្ដេច​តេជោ​ហ៑ុន​សែន​បាន​ថ្លែង​ថា​ស្ពាន​ជ្រៃ​ធំ​ឡុង​ប៊ិញ​គឺ​ចំណងដៃ​នៃ​ទំនាក់ទំនង​៥០​ឆ្នាំ​រវាង​កម្ពុជា​និង​វៀតណាម​(១៩៦៧-២០១៧) ។ សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​តែ​កម្ពុជា​នៅតែ​មាន​មហិច្ឆតា​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​និង​វៀតណាម​ឲ្យបាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ការជួយ​រក្សា​កំណើន​ស​រដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា គម្រោង​សាងសង់​ស្ពាន មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិញ ឆ្លងកាត់​ដៃ​ទន្លេបាសាក់ ហៅ ព្រែក​ជ្រៃ​ធំ ឬ ព្រែកបាក់​ដាយ ព្រំប្រទល់​កម្ពុជា​-​វៀតណាម មាន​ចម្ងាយ ១.២២៥ ម៉ែត្រ ពី​ចំណុចប្រសព្វ​ទន្លេបាសាក់ និង​ព្រែក​ជ្រៃ​ធំ ស្ថិតនៅក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ក្នុង ខេត្ត​កណ្តាល ទៅ​នឹង​ផ្លូវជាតិ​លេខ​៩៥៦ ក្នុង​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ សង្គមនិយម វៀតណាម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បន្តថា ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៤២៧.៤៤​ម៉ែត្រ ក្នុង​នោះ​ភាគី​កម្ពុជា ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២ ម៉ែត្រ និង​ភាគី​វៀតណាម ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ប្រអប់​បេតុង​អារ​មេ សរសៃដែក​ទាញ មាន​ទទឹង ១៣,៥០​ម៉ែត្រ ចែក​ជា​ពីរ​គន្លង​សម្រាប់​ផ្លូវ​រថយន្ត (​មួយ​ទៅ​មួយ​មក​) ដែល​គន្លង​នីមួយៗ មាន​ទទឹង ៣,៥០​ម៉ែត្រ និង ផ្លូវ​សម្រាប់​ថ្មើរជើង ដែល​មាន​ទទឹង ២,៥០​ម៉ែត្រ អម​ដោយ​បង្កាន់ដៃ​ទទឹង ០,២៥​ម៉ៃ​ត្រសង​ខាង​។​

​បើតាម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ និង​ស្ពាន​នេះ ត្រូវបាន​សាងសង់​ម្នាក់​ពាក់កណ្តាល ពោល​ភាគី​កម្ពុជា សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​គល់ស្ពាន ដល់​ផ្លូវ​ជាតិ​លេខ​២១ ប្រវែង​សរុប ២,៦៧៤​ម៉ែត្រ ទទឹង ១២​ម៉ែត្រ រួម​ទាំង​សង់ស្ពាន​ឆ្លង​ព្រែក​តូចៗ ចំនួន ០២​កន្លែង និង សង់​លូ​មូល ៥​កន្លែង រីឯ​ភាគី​វៀតណាម សាងសង់​ផ្លូវ​ត​ភ្ជាប់​ស្ពាន ដែល​មាន​ប្រវែង​សរុប ២.៧០០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ​។​

​ការសាងសង់​នេះ​ចំណាយ​ថវិកា​សរុប ៣៦.៥៦​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​កម្ពុជា ចំណាយ​ជិត ១៦​លាន​ដុល្លារ​អាមេរិក​។ រីឯ​ភាគី​វៀតណាម ចំណាយ​ជិត ១៨​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​ប្រើ​រយៈពេល ២៧​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ និង​បាន​បញ្ចប់ នៅ​ខែ​មេសា ឆ្នាំ​២០១៧​នេះ​។​

​ច្រក​ជ្រៃ​ធំ​-​ឡុង​ប៊ិញ គឺជា​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ផ្លាស់ប្តូរ​ទំនិញ​គ្នា​ប្រចាំថ្ងៃ​។ ពេល​មិន​ទាន់ សាងសង់​ស្ពាន​ការដោះដូរ​ទំនិញ​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការលំបាក​ខ្លាំង ព្រោះ​ត្រូវ​ធ្វើ​តាមរយៈ​ទូក​ចម្លង​ទៅវិញទៅមក​។​

​វត្ត​មាន​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ត្រូវបាន​រំពឹងថា នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ទំនិញ របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ជាពិសេស ប្រជាពលរដ្ឋ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល និង​ស្រុក​ឡុង​ប៊ិញ ខេត្ត​អាងយ៉ាង ដែល​សុទ្ធ​ជា​ស្រុក​មាន​អំណោយផល​ខ្ពស់​ក្នុងការ ដាំ​ដុះ​បន្លែបង្កា​ផ្សេងៗ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ការសាងសង់​ស្ពាន​មិត្តភាព កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិញ​នេះ គឺជា​យុទ្ធសាស្ត្រ មួយ​យ៉ាង​សំខាន់ ដែល​មិន​ត្រឹមតែ​ត​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត​ភ្ជាប់​ទំនាក់ទំនង ខាង​សង្គមកិច្ច វប្បធម៌ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ ឲ្យបាន​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​។​

«​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​/​ឡុង​ប៊ិញ រួម​ជាមួយ​ការសាងសង់​ឡើងវិញ ផ្លូវជាតិ លេខ​២១ នឹង​បង្កើតបាន​ទៅ​ជា​បណ្តាញ​ផ្លូវ មួយ​ថ្មី​ទៀត ប្រកបដោយ​សក្តានុពល ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​ត​ភ្ជាប់​ខេត្ត​កណ្តាល ទៅ​នឹង​តំបន់​ជាប់​ព្រំប្រទល់ កម្ពុជា​-​វៀតណាម បង្ក​លទ្ធភាព​ងាយស្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ ក្នុងការ​ធ្វើ​ដំណើរ​និង​ការដោះដូរ​ទំនិញ​ពាណិជ្ជកម្ម ផ្សេងៗ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ពិសេស​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ យ៉ាង​កុះករ ធ្វើឲ្យ​ជីវភាព​រស់នៅ កាន់តែ​ប្រសើរ​ឡើង និង​អាច​ក្លាយទៅជា​របៀង ផ្លូវ​ដឹកជញ្ជូន ផ្គត់ផ្គង់​ទំនិញ​ភស្តុភារ​និង​សេដ្ឋកិច្ច មួយ​យ៉ាង​សំខាន់ ក្នុង​ទិសដៅ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យទៅជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្ថែមថា ស្ពាន​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សម្រាប់​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន ការផ្គត់ផ្គង់​ទំនិញ និង​ភ័ស្តុភា​រកម្ម ពិសេស​គាំទ្រ​ដល់ គោលនយោបាយ​ជាតិ អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ដែល​បាន​នឹង​កំពុង​ប្រែក្លាយ​ក្តី​ស្រមៃ របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យទៅ​ជា​ក្តីសង្ឃឹម​ដ៏​ជាក់លាក់​មួយ និង​ជំនឿ​ជឿជាក់ លើ​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​

​សូមបញ្ជាក់​ថា កម្ពុជា និង​វៀតណាម មាន​ខ្សែ​ព្រំដែន​ជាប់​គ្នា​ប្រវែង​ជាង ១​ពាន់ ២​រយ​គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន សម្រេច​បាន​ជាង ៨៣​ភាគរយ​ហើយ ហើយ​នៅ​តំបន់​ច្រក​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​នេះ ប្រទេស​ទាំង​ពីរ​ក៏​បាន​បោះបង្គោល​ព្រំដែន​ជាមួយ​គ្នា រួចរាល់​ផងដែរ​៕

 

img20170424m2-(4) img20170424m2-(2) img20170424m2-(1) img20170424m2-(8) img20170424m2-(5)

Filed in: ដំណឹង​ក្នុងស្រុក

Recent Posts

Proudly designed by Theme Junkie.